ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា ឯកឧត្តម ផូល ខាហ្គោម៉េ (Paul Kagame) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមការយាងអញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងស្របពេលដែលឯកឧត្តមប្រធានាធិបតីចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តម ផូល ខាហ្គោម៉េ នឹងចូលគាល់ព្រះមហាក្សត្រនៅព្រះបរមរាជវាំង ព្រមទាំងជួបពិភាក្សាដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា រួមមាន សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សាទាំងនេះនឹងផ្តោតលើការផ្លាស់ប្តូរទស្សនៈ និងការពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ កម្ពុជានិងរវ៉ាន់ដាគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការមួយចំនួនលើវិស័យពាណិជ្ជកម្ម វិនិយោគ អាកាសចរណ៍ និងទេសចរណ៍។ ការចុះហត្ថលេខានេះត្រូវបានរំពឹងថា នឹងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕ ដោយ៖ សុភ័ក្រ្ត

