រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាសម្រេចបានអត្រាគ្របដណ្តប់អនាម័យជនបទ ៩៥% ខណៈរាជធានី-ខេត្តទាំង២៥ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៧ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០។ សមិទ្ធផលគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន គឺអត្រាគ្របដណ្តប់អនាម័យកម្រិតមូលដ្ឋានទូទាំងប្រទេសសម្រេចបាន ៩៥% និងរាជធានី-ខេត្តទាំង២៥ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខណៈរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង សម្រេចបានកម្រិតខ្ពស់ (ODF+)។

ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៧ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០។ សមិទ្ធផលគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន គឺអត្រាគ្របដណ្តប់អនាម័យកម្រិតមូលដ្ឋានទូទាំងប្រទេសសម្រេចបាន ៩៥% និងរាជធានី-ខេត្តទាំង២៥ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខណៈរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង សម្រេចបានកម្រិតខ្ពស់ (ODF+)។ វឌ្ឍនភាពនេះបានចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋ កាត់បន្ថយជំងឺឆ្លង និងបន្ទុកចំណាយលើការថែទាំសុខភាព ព្រមទាំងធ្វើឱ្យបរិស្ថានរស់នៅកាន់តែប្រសើរ។

ទោះជាយ៉ាងណា ការងារនេះនៅប្រឈមនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ការទទួលបានសេវាអនាម័យរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រឈម ព្រមទាំងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ សម្តេចធិបតីបានផ្តល់អនុសាសន៍ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិបត្តិការ និងធានានិរន្តរភាព ODF ព្រមទាំងជំរុញការសម្រេច ODF+ ទូទាំងប្រទេស។ ជាពិសេស ត្រូវពង្រឹងការគ្រប់គ្រងសំណល់ភក់បង្គន់ប្រកបដោយសុវត្ថិភាព ផ្តល់សេវាអនាម័យប្រកបដោយបរិយាបន្ន គុណភាព និរន្តរភាព និងនវានុវត្តន៍ ព្រមទាំងកែលម្អប្រព័ន្ធគ្រប់គ្រង និងតាមដានទិន្នន័យទឹកស្អាត និងអនាម័យជនបទ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានរួមចំណែកក្នុងការលើកកម្ពស់អនាម័យជនបទ។ សម្តេចធិបតីក៏បានជំរុញឱ្យរដ្ឋបាលឃុំ សង្កាត់ បញ្ចូលសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទៅក្នុងផែនការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងធានាឱ្យគ្រឹះស្ថានសិក្សា មណ្ឌលសុខភាព វត្តអារាម និងទីសាធារណៈ មានបង្គន់អនាម័យ និងបរិក្ខារលាងដៃគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តទម្លាប់ហូបស្អាត ផឹកស្អាត រស់នៅស្អាត លាងដៃនឹងសាប៊ូ ប្រើប្រាស់បង្គន់អនាម័យ និងថែរក្សាបរិស្ថាន ដើម្បីរួមគ្នាធានាសុខភាពសាធារណៈ និងនិរន្តរភាពនៃការអភិវឌ្ឍអនាម័យជនបទនៅកម្ពុជា៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…