នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងខែនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា ចាប់តាំងពីលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយក៏ជាការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកដំបូងរបស់លោកផងដែរ។
យោងតាមការបង្ហើបឱ្យដឹងកាលពីមុនរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អគ្គទេសាភិបាលកាណាដា Louise Arbour ត្រូវបានរំពឹងថានឹងចូលរួមពិធីបើកកិច្ចប្រជុំកំពូលនៅថ្ងៃទី១៥ ខែវិច្ឆិកា ខណៈលោក Mark Carney នឹងចូលរួមនៅថ្ងៃទី១៦។
យោងតាមកាលវិភាគដែលរដ្ឋាភិបាលកាណាដាបានប្រកាស លោក Mark Carney នឹងធ្វើទស្សនកិច្ចនៅប្រទេសអៀរឡង់ ហ្វីលីពីន កម្ពុជា និងចិន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ហើយនឹងចូលរួមកិច្ចប្រជុំអន្តរជាតិជាច្រើន ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងសន្តិសុខ។ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោកនឹងជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសនិងតំបន់ប្រើប្រាស់ភាសាបារាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកាណាដា និងសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
កាណាដាជាសមាជិកស្ថាបនិកមួយនៃអង្គការអន្តរជាតិនៃប្រទេសនិងតំបន់ប្រើប្រាស់ភាសាបារាំង (OIF) ហើយក៏ជាប្រទេសផ្តល់ជំនួយធំលំដាប់ទី២ ដល់ស្ថាប័នក្នុងប្រព័ន្ធរបស់អង្គការនេះផងដែរ។ កាណាដាផ្តល់ថវិកាជាង ៤៣ លានដុល្លារកាណាដាក្នុងមួយឆ្នាំដល់ស្ថាប័នពាក់ព័ន្ធ ក្នុងនោះប្រមាណ ២៥ លានដុល្លារកាណាដា សម្រាប់គាំទ្រ OIF។
កាណាដាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកបន្ទាប់នៅតំបន់រដ្ឋធានីរបស់ខ្លួនក្នុងឆ្នាំ២០២៨ ដោយរំពឹងថាផែនការនេះនឹងទទួលបានការបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលឆ្នាំនេះនៅរាជធានីភ្នំពេញ។ នេះនឹងជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ ដែលកាណាដាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះឡើងវិញ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា លោក Mark Carney នឹងបន្តដំណើរទៅកាន់ក្រុងសិនជិន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ រដ្ឋាភិបាលកាណាដាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រីកភាពជាដៃគូអន្តរជាតិ បើកទីផ្សារថ្មីៗសម្រាប់ធុរកិច្ចកាណាដា និងបង្កើតឱកាសពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត។

