រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយករដ្ឋមន្រ្តីឱ្យអ្នកពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អរបស់ជនជាតិដើមភាគតិច

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដែលកំពុងប្រតិបត្តិការការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ដើម្បីរួមគ្នាផ្សព្វផ្សាយប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អរបស់បងប្អូនជនជាតិដើមភាគតិច។

ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា នាថ្ងៃទី០៩ ខែសីហា សម្តេចធិបតី បានចេញសារលិខិតលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការ ដើម្បីជំរុញការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិចឱ្យបានកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងគោលដៅកសាងកម្ពុជាមួយដ៏រស់រវើក និងមានវប្បធម៌សម្បូរបែប។

ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ «ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិដើមភាគតិចក្នុងបរិបទបរិវត្តកម្មឌីជីថល» ដែលផ្តោតសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច ដោយផ្តល់ឱកាសសមធម៌ និងការចូលរួមក្នុងការអភិវឌ្ឍសង្គមក្នុងបរិបទបរិវត្តកម្មឌីជីថល។

តាមរយៈសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារលើកកម្ពស់ការអភិវឌ្ឍនិង អភិរក្សជនជាតិដើមភាគតិច ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច ដើម្បីជំរុញឱ្យការងារអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិចកាន់តែមានប្រសិទ្ធភាព។

បន្ថែមពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍនានា អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនវឌ្ឍនភាពបន្ថែមលើការងារកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច។

ជាមួយគ្នានេះ ក្រសួងត្រូវយកចិត្តទុកដាក់លើការងារអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍភូមិជនជាតិដើមភាគតិចទៅជាភូមិគំរូ ផ្អែកលើសក្តានុពលវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

បើតាមសម្តេចធិបតី ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីភាពចាំបាច់ និងសារៈសំខាន់នៃការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយទៅដល់គ្រប់សហគមន៍ជនជាតិដើមភាគតិច និងសាធារណជនទូទៅបានយល់កាន់តែច្បាស់ និងជ្រួតជ្រាបអំពីអត្ថន័យនៃទិវានេះ។

ដោយឡែក គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានីខេត្ត ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅកសាងសង្គមជាតិមួយដែលមានសមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើងក្នុងនាមជនជាតិខ្មែរតែមួយ។

ចំណែក បងប្អូនជនជាតិដើមភាគតិច ត្រូវចូលរួមយ៉ាងសកម្មក្នុងការអភិរក្សអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួនតាមរយៈការប្រើប្រាស់ភាសា ការប្រតិបត្តិ ការថែរក្សា ការអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ដល់កូនចៅជំនាន់ក្រោយ។

សូមជម្រាបថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២១៣សហគមន៍ បានចុះបញ្ជីជានីតិបុគ្គលពីក្រសួងមហាផ្ទៃចំនួន ១៥៥សហគមន៍ និងបានចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន ៤២សហគមន៍៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…