រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពីគំនិតចែករំលែកភាសាបារាំង ទៅជាកិច្ចប្រជុំកំពូលអន្តរជាតិហ្វ្រង់កូហ្វូនី ! តើកម្ពុជាទទួលបានប្រយោជន៍អ្វីខ្លះ ពីព្រឹត្តិការណ៍ជាប្រវត្ថិសាស្រ្ត នេះ?

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

Click KPS99TV To More!

ហ្វ្រង់កូហ្វូនី (Francophonie) មានប្រភពដើមពីគំនិតនៃការប្រមូលផ្ដុំប្រជាជន និងប្រទេសដែលប្រើប្រាស់ភាសាបារាំងជាភាសារួម ដោយពាក្យនេះត្រូវបានប្រើប្រាស់ឡើងនៅចុងសតវត្សរ៍ទី១៩ ដោយអ្នកភូមិសាស្ត្រជនជាតិបារាំង លោក អូណេស៊ីម រ៉េគ្លុស (Onésime Reclus)។ ក្រោយមក ចលនានេះបានវិវត្តពីការផ្សារភ្ជាប់ផ្នែកភាសា និងវប្បធម៌ ទៅជាកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។ បន្ទាប់ពីបណ្តាប្រទេសអាហ្វ្រិក និងអាស៊ីទទួលបានឯករាជ្យនៅទសវត្សរ៍ឆ្នាំ១៩៦០ មេដឹកនាំមួយចំនួនដែលមានទស្សនៈរួមគ្នា បានផ្ដួចផ្ដើមគំនិតបង្កើតក្របខណ្ឌសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើភាសា និងវប្បធម៌បារាំង។ ក្នុងចំណោមឥស្សរជនសំខាន់ៗដែលត្រូវបានចាត់ទុកជាស្ថាបនិកនៃចលនាហ្វ្រង់កូហ្វូនី មានព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា លោក ឡេអូប៉ូល សេដា សង់ហ្គ័រ ប្រធានាធិបតីសេណេហ្គាល់ លោក ហាប៊ីប បួរហ្គីបា ប្រធានាធិបតីទុយនីស៊ី និងលោក ហាម៉ានី ឌីអូរី ប្រធានាធិបតីនីហ្សេ។

ចំណុចរបត់ដ៏សំខាន់នៃប្រវត្តិសាស្ត្រហ្វ្រង់កូហ្វូនី គឺនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុងនីអាមេ ប្រទេសនីហ្សេ ដែលប្រទេសចំនួន២១ បានចុះហត្ថលេខាលើអនុសញ្ញាបង្កើតទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស (ACCT) ដែលជាមូលដ្ឋានគ្រឹះនៃអង្គការហ្វ្រង់កូហ្វូនីនាពេលបច្ចុប្បន្ន។ ដំបូងឡើយ កិច្ចសហប្រតិបត្តិការផ្តោតលើការអប់រំ វប្បធម៌ ភាសា និងបច្ចេកទេស ប៉ុន្តែក្រោយមកបានពង្រីកទៅដល់វិស័យសេដ្ឋកិច្ច នយោបាយ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព។ រហូតដល់ឆ្នាំ១៩៨៦ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកដំបូងត្រូវបានរៀបចំឡើងនៅទីក្រុងវែសៃ ប្រទេសបារាំង តាមការផ្ដួចផ្ដើមរបស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ មីតតេរ៉ង់ ដោយមានការចូលរួមពីប្រទេស និងរដ្ឋាភិបាលចំនួន៤២។ កិច្ចប្រជុំនេះបានក្លាយជាវេទិកាកំពូលសម្រាប់មេដឹកនាំប្រទេសដែលប្រើប្រាស់ភាសាបារាំងជាភាសារួម ជួបពិភាក្សា និងកំណត់ទិសដៅសហប្រតិបត្តិការរួម។ ក្រោយមក ACCT បានប្តូរឈ្មោះជាទីភ្នាក់ងារអន្តររដ្ឋាភិបាលហ្វ្រង់កូហ្វូនីនៅឆ្នាំ១៩៩៨ និងទទួលយកឈ្មោះអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅឆ្នាំ២០០៥។

សម្រាប់កម្ពុជា ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកអ្នកសង្កេតការណ៍ក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩១ និងបានក្លាយជាសមាជិកពេញសិទ្ធិក្នុងខែតុលា ឆ្នាំ ១៩៩៣ដែលជាការបន្តនូវមរតកនៃការចូលរួមរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ក្នុងចលនាហ្វ្រង់កូហ្វូនី។

ក្រោយកិច្ចប្រជុំកំពូលលើកទី១៩ ដែលបានរៀបចំនៅប្រទេសបារាំងក្នុងឆ្នាំ២០២៤ កម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងជាកិច្ចប្រជុំលើកទី២ ដែលរៀបចំនៅតំបន់អាស៊ី បន្ទាប់ពីប្រទេសវៀតណាមក្នុងឆ្នាំ១៩៩៧។ 

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងប្រទេសជាសមាជិកនៃអង្គការ OIF។ ការធ្វើជាម្ចាស់ផ្ទះនេះ មិនត្រឹមតែជាការបង្ហាញពីការចូលរួមរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការពហុភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ផ្សព្វផ្សាយអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងការអភិវឌ្ឍរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិផងដែរ។ព្រឹត្តិការណ៍អមដូចជា «ភូមិហ្វ្រង់កូហ្វូនី» និងវេទិកា FrancoTech ក៏នឹងបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងប្រទេសនានាផងដែរ។

 តើការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនេះ បានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
ការរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា មិនមែនគ្រាន់តែជាការរៀបចំព្រឹត្តិការណ៍អន្តរជាតិរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលអាចផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិ ទាំងផ្នែកការទូត សេដ្ឋកិច្ច ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។

-ផលចំណេញផ្នែកការទូត និងកិត្យានុភាពជាតិបង្កើនកិត្យានុភាព និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។ពង្រឹងទំនាក់ទំនងការទូតជាមួយប្រទេសសមាជិកអង្គការ OIF ប្រមាណ ៩០ ប្រទេស និងរដ្ឋាភិបាល។បង្កើតឱកាសជួបពិភាក្សាទ្វេភាគីជាមួយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ។បង្ហាញពីតួនាទីកម្ពុជាក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

-ផលចំណេញផ្នែកសេដ្ឋកិច្ច និងការវិនិយោគទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនបរទេសមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។បង្កើតទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រាសក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ។ផ្សព្វផ្សាយផលិតផលខ្មែរ ដូចជា អង្ករ គ្រាប់ស្វាយចន្ទី ផលិតផលកសិកម្ម និងសិប្បកម្មទៅកាន់ទីផ្សារបរទេស។បង្កើតឱកាសការងារ និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋតាមរយៈសេវាកម្ម និងអាជីវកម្មពាក់ព័ន្ធ។

-ជាឱកាសផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ដោយភ្ញៀវអន្តរជាតិអាចស្វែងយល់ពីតំបន់ប្រាសាទអង្គរវត្ត និងបេតិកភណ្ឌវប្បធម៌ រាជធានីភ្នំពេញ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់ឆ្នេរសមុទ្រ និងទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រពៃណី ម្ហូបអាហារ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនខ្មែរ។ការចំណាយរបស់ភ្ញៀវលើសណ្ឋាគារ ភោជនីយដ្ឋាន មធ្យោបាយធ្វើដំណើរ និងការទិញវត្ថុអនុស្សាវរីយ៍ ក៏អាចបង្កើនចំណូលដល់អាជីវកម្មក្នុងស្រុកផងដែរ។សរុបជារួមមក ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាឱកាសយុទ្ធសាស្ត្រសម្រាប់កម្ពុជាក្នុងការបង្កើនកិត្យានុភាពអន្តរជាតិ ពង្រីកទីផ្សារសេដ្ឋកិច្ច ទាក់ទាញវិនិយោគិន លើកកម្ពស់ទេសចរណ៍ និងបង្ហាញអត្តសញ្ញាណជាតិទៅកាន់ពិភពលោក៕ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…