នាភូមិហ្រ្វង់កូហ្វូនី នៃព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី កម្ពុជាបានតុបតែង និងដាក់តាំងបង្ហាញប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់។
ក្នុងស្មារតីអបអរសាទរ ព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងបើកដំណើរការ «ភូមិហ្វ្រង់កូហ្វូនី» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ។ភូមិហ្រ្វង់កូហ្វូនី នឹងបើកដំណើរពីថ្ងៃទី១៣-១៧ វិច្ឆិកា នាសួនច្បារមុខវត្តបទុមវតី។
ក្រៅពីការដាក់បង្ហាញស្រាសាទរបស់កម្ពុជានៅក្នុង«ភូមិហ្វ្រង់កូហ្វូនី» សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានឱកាសចូលរួមទស្សនា និងឆ្វេងយល់ពីវប្បធម៌ សិល្បៈ និងអត្តសញ្ញាណរបស់កម្ពុជា ព្រមទាំងសហគមន៍ហ្វ្រង់កូហ្វូនី។ បន្ថែមលើសពីនេះមាន កម្មវិធីចម្រុះប្រកបដោយភាពសម្បូរបែប និងមានភាពរស់រវើកជាច្រើនទៀតដែលកម្ពុជាបានរៀបចំនៅក្នុងព្រឹត្តិការណ៍ជាប្រវត្ថិសាស្រ្តនេះ។
កម្ពុជាចង់ឱ្យប្រទេសដែលប្រើភាសាបារាំង និងភ្ញៀវអន្តរជាតិបានស្គាល់ប្រាសាទបុរាណខ្មែរ ប្រវត្តិសាស្ត្រ សិល្បៈ និងអរិយធម៌ខ្មែរ។
កម្ពុជាមិនត្រឹមតែចង់បង្ហាញប្រាសាទបុរាណឱ្យបរទេសទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ប្រើវេទិកាអន្តរជាតិនេះ ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណជាតិ បង្ហាញការខូចខាតបេតិកភណ្ឌ និងឱ្យសហគមន៍អន្តរជាតិបានស្វែងយល់ពីបញ្ហាប្រាសាទតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដោយ៖ សុភ័ក្រ្ត




