យោងតាមព័ត៌មានដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ក្រុមតំណាងជាតិកម្ពុជាផ្នែកកីឡាអេឡិចត្រូនិក (Angkor Warriors) បានបង្ហាញទម្រង់លេងយ៉ាងល្អនៅការប្រកួតកីឡាអេឡិចត្រូនិកចិន–អាស៊ាន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅប្រទេសចិនពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ដោយឈ្នះមេដាយមាស១ និងមេដាយសំរឹទ្ធ១។


ក្នុងការប្រកួតលើកនេះ កម្ពុជាបានបញ្ជូនក្រុមចំនួនពីរ ដើម្បីចូលរួមប្រកួតលើវិញ្ញាសា VALORANT និង Mobile Legends: Bang Bang (MLBB)។
លើវិញ្ញាសា VALORANT ក្រុមកម្ពុជារក្សាកំណត់ត្រាមិនចាញ់សោះ ដោយឈ្នះការប្រកួតទាំង៦លើក និងដណ្តើមបានជើងឯក។ នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនេះបានយកឈ្នះថៃ ប្រុយណេ មីយ៉ាន់ម៉ា និងសិង្ហបុរីជាបន្តបន្ទាប់ ហើយឡើងទៅវគ្គបន្តក្នុងនាមក្រុមលេខ១ក្នុងពូល។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជាបានយកឈ្នះវៀតណាមក្នុងលទ្ធផល២ទល់នឹង១ ហើយនៅវគ្គផ្តាច់ព្រ័ត្រ បានយកឈ្នះម៉ាឡេស៊ី២ទល់នឹង០ ដើម្បីលើកពានជើងឯក។ នេះជាលើកដំបូងដែលក្រុមកម្ពុជាឈ្នះមេដាយមាសក្នុងការប្រកួតអន្តរជាតិលើវិញ្ញាសានេះ។
លើវិញ្ញាសា MLBB ក្រុមកម្ពុជាចាញ់ឥណ្ឌូណេស៊ីក្នុងលទ្ធផល០ទល់នឹង២នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានយកឈ្នះក្រុមម្ចាស់ផ្ទះចិន២ទល់នឹង០នៅវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ ហើយទទួលបានមេដាយសំរឹទ្ធ។
លទ្ធផលមេដាយមាស១ និងមេដាយសំរឹទ្ធ១នេះ បង្ហាញពីសមត្ថភាពប្រកួតរបស់កីឡាករកីឡាអេឡិចត្រូនិកកម្ពុជា និងនាំមកនូវកិត្តិយសថ្មីសម្រាប់វិស័យកីឡាអេឡិចត្រូនិកកម្ពុជា។
