តបតាមការអញ្ជើញរបស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅប្រទេសហ្វីលីពីន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា មុនការអញ្ជើញចូលរួមរបស់សម្តេចធិបតី, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខណៈដែលកម្ពុជាកំពុងជាប់បំពេញ ភារកិច្ចធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ នឹងបន្តកសាងលើសមិទ្ធផលដែលសម្រេចបានក្រោមការ ដឹកនាំរបស់ហ្វីលីពីន ព្រមទាំងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន មានភាពធន់ និង ត្រៀមខ្លួនសម្រាប់អនាគត។ វេទិកាដ៏សំខាន់នេះ ក៏នឹងផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំអាស៊ានពន្លឿនការកសាងសហគមន៍ ផ្លាស់ប្តូរទស្សនៈលើ បញ្ហាតំបន់ និងអន្តរជាតិ និងពង្រឹងភាពជាដៃគូសន្ទនា ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ និងចាប់យកកាលានុវត្តភាពរួមគ្នា។ក្រៅពីកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំមួយចំនួនផងដែរ ដើម្បីពង្រឹង ទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅ មកសម្រាប់ប្រជាជាតិ ទាំងពីរ ដោយ៖ ស្រីពី

