រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-សាធារណរដ្ឋរវ៉ាន់ដា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ អាកាសចរណ៍ និងទេសចរណ៍ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

សម្តេច ហ៊ុន ម៉ាណែត និងប្រធានាធិបតីរវ៉ាន់ដា ប៉ុល កាហ្គាមេ បានជួបពិភាក្សានៅរាជធានីភ្នំពេញ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ អាកាសចរណ៍ និងទេសចរណ៍។

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឯកឧត្តម ប៉ុល កាហ្គាមេ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយផ្តោតលើការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការលើកកម្ពស់វិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ មេដឹកនាំទាំងពីរក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការនានា លើវិស័យពាណិជ្ជកម្ម ការវិនិយោគ អាកាសចរណ៍ និងទេសចរណ៍។ កិច្ចព្រមព្រៀងទាំងនេះនឹងដើរតួនាទីជាក្របខ័ណ្ឌសំខាន់ក្នុងការបង្កើនកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ ជំរុញទំនាក់ទំនងធុរកិច្ច និងបង្កើតឱកាសវិនិយោគថ្មីៗ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
គួររំលឹកថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ដា មានទំនាក់ទំនងការទូតជាមួយគ្នា និងបានបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ទោះបីជាប្រទេសទាំងពីរស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រខុសគ្នាក៏ដោយ។ ទំនាក់ទំនងនេះត្រូវបានជំរុញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សារវាងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

ជាពិសេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម អូលីវីយេ ហ្សង់ ប៉ាទ្រីក ងឌូហ៊ុងហ្គីរ៉េហេ (Olivier Jean Patrick Nduhungirehe) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរវ៉ាន់ដា។ ក្នុងឱកាសនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ។
ការចុះហត្ថលេខាលើឯកសារទាំងនេះបានបង្ហាញពីឆន្ទៈរបស់ប្រទេសទាំងពីរក្នុងការបង្កើតយន្តការសន្ទនា និងពិគ្រោះយោបល់ជាប្រចាំ ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់មន្ត្រីផ្លូវការ ដើម្បីជំរុញការផ្លាស់ប្តូរទស្សនៈ និងការសម្របសម្រួលកិច្ចការការទូតឱ្យកាន់តែមានប្រសិទ្ធភាព។

ដោយឡែក កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក៏ត្រូវបានជំរុញបន្ថែមទៀត តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរវ៉ាន់ដានៅកម្ពុជា ដើម្បីពង្រឹងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ការផ្លាស់ប្តូរបទពិសោធន៍ ការអភិវឌ្ឍផលិតផលទេសចរណ៍ និងការបើកឱកាសពង្រីកទីផ្សារទេសចរណ៍ទៅកាន់តំបន់អាហ្វ្រិក។

ជារួម ជំនួបពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ប៉ុល កាហ្គាមេ ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងការទូត និងភាពជាដៃគូរវាងកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ដាឱ្យកាន់តែរឹងមាំ និងទូលំទូលាយ។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែផ្តល់ឱកាសថ្មីៗសម្រាប់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាព ការយោគយល់គ្នា និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…