មុខមាត់ កិត្យានុភាព និងកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជាកាន់តែត្រូវបានលើកកម្ពស់ និងផ្សព្វផ្សាយទៅកាន់សហគមន៍អន្តរជាតិ តាមរយៈទស្សនាវដ្តីអន្តរជាតិ DIPLOMAT (Magazine de la diplomatie et des affaires) ដែលបានចេញផ្សាយច្បាប់ពិសេសសម្រាប់ខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២៦ ដោយផ្តោតលើប្រទេសកម្ពុជា ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។


ការចេញផ្សាយច្បាប់ពិសេសនេះ គឺជាការផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយសម្រាប់កម្ពុជា ក្នុងការបង្ហាញពីមុខមាត់ថ្មីរបស់ប្រទេសជាតិទៅកាន់ពិភពលោក ព្រមទាំងបង្ហាញពីសក្តានុពល សមិទ្ធផលនៃការអភិវឌ្ឍ សន្តិភាព ស្ថិរភាពនយោបាយ និងចក្ខុវិស័យរបស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ គឺទស្សនាវដ្តីបានផ្តល់ការចាប់អារម្មណ៍ជាពិសេសលើចក្ខុវិស័យនៃការដឹកនាំ ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងការបន្តលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងសហគមន៍អន្តរជាតិ។


តាមរយៈការផ្សព្វផ្សាយនេះ កម្ពុជាត្រូវបានបង្ហាញជាប្រទេសដែលមានសក្តានុពល និងឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការអប់រំ បច្ចេកវិទ្យាឌីជីថល និងថាមពលស្អាត។ ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបែបនេះ ក៏ជាមធ្យោបាយមួយក្នុងការបង្កើនការយល់ដឹងរបស់សាធារណជន និងវិនិយោគិនបរទេសអំពីឱកាស និងបរិយាកាសធុរកិច្ចនៅកម្ពុជា។


ជាពិសេស ការដែលកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ការទូតកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញពីអត្តសញ្ញាណជាតិ វប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។


ការរៀបចំកិច្ចប្រជុំកំពូលនេះ ក៏បានបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជាក្នុងការជំរុញពហុភាគីនិយម ការសន្ទនាដោយសន្តិវិធី និងការកសាងស្ពានមិត្តភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ី និងសហគមន៍ហ្វ្រង់កូហ្វូនីនៅទូទាំងពិភពលោក។ កម្ពុជាកំពុងបង្ហាញខ្លួនជាប្រទេសដែលមានឆន្ទៈចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមរួម និងការកសាងអនាគតប្រកបដោយសន្តិភាព និងវិបុលភាព។ ដោយ៖ សុភ័ក្រ្ត


