ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា កម្ពុជាកំពុងឈានចូលទៅក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការទូតពហុភាគី តាមរយៈការទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងតំណាងរដ្ឋ និងរដ្ឋាភិបាលនៃមហាគ្រួសារហ្វ្រង់កូហ្វូនី មកពីទ្វីបទាំងប្រាំ។


ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំអន្តរជាតិមួយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ដែលបង្ហាញពីកិត្យានុភាពជាតិ ការជឿទុកចិត្តពីសំណាក់សហគមន៍អន្តរជាតិ និងតួនាទីកាន់តែសកម្មរបស់កម្ពុជានៅលើឆាកការទូតពហុភាគី។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ព្រឹត្តិការណ៍នេះកាន់តែមានអត្ថន័យជ្រាលជ្រៅ ដោយសារកម្ពុជាជាមាតុភូមិនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាព្រះមហាក្សត្រមួយព្រះអង្គក្នុងចំណោមព្រះបិតាស្ថាបនិកនៃសហគមន៍ហ្វ្រង់កូហ្វូនី។


ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «អ្វីដែលព្រះអង្គបានរួមចំណែកបង្កើតឡើងកាលពីជាងកន្លះសតវត្សរ៍មុន ថ្ងៃនេះបានវិលមកជួបជុំគ្នានៅលើទឹកដីកម្ពុជា ដែលជាទឹកដីនៃអរិយធម៌ និងជាប្រទេសដែលបានឆ្លងកាត់សង្គ្រាម សោកនាដកម្ម និងការកសាងប្រទេសឡើងវិញ។ នេះគឺជាការផ្សារភ្ជាប់ដ៏មានអត្ថន័យរវាងព្រះរាជបេតិកភណ្ឌ ប្រវត្តិសាស្ត្រជាតិ និងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការបង្ហាញពីកិត្យានុភាព និងកិត្តិយសរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃការបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកហ្វ្រង់កូហ្វូនី ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមចំណែកកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសហគមន៍អន្តរជាតិ៕ អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត






