ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ថា កិច្ចប្រជុំហ្វ្រង់កូហ្វូនី គឺជាកម្លាំងប្រមូលផ្តុំប្រជាជន វប្បធម៌ និងទ្វីបនានា ឱ្យមកជួបជុំគ្នាក្រោមភាសា និងគុណតម្លៃរួម។ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញថ្លែងសុន្ទរកថានៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៤៨ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។


ឯកឧត្តមបានចាត់ទុកការដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះសន្និសីទដ៏មានសារៈសំខាន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិ និងជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងបរិបទដែលកម្ពុជាកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ កិច្ចប្រជុំកំពូលនេះនឹងវិលត្រឡប់មកកាន់ទ្វីបអាស៊ីជាថ្មី បន្ទាប់ពីបានរៀបចំនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីជិត៣០ឆ្នាំមុន។
ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវមោទនភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលជាព្រះបិតាស្ថាបនិកមួយអង្គនៃអង្គការហ្វ្រង់កូហ្វូនី រួមជាមួយនឹងឥស្សរជនស្ថាបនិកដ៏ឆ្នើមបីរូបទៀត គឺលោកប្រធានាធិបតី Léopold Sédar Senghor លោក Habib Bourguiba និងលោក Hamani Diori។


ឯកឧត្តមបានគូសបញ្ជាក់ថា ការដែលកម្ពុជាបានទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាការលើកតម្កើងព្រះរាជចក្ខុវិស័យរបស់ព្រះបរមរតនកោដ្ឋ និងជាការបន្តនូវស្មារតី ព្រមទាំងការប្តេជ្ញាចិត្តរបស់ព្រះអង្គចំពោះចលនាហ្វ្រង់កូហ្វូនី។ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលបានដឹកនាំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅទីក្រុង Villers-Cotterêts និងទីក្រុងប៉ារីស ព្រមទាំងថ្លែងអំណរគុណចំពោះលោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក្រុមការងាររបស់អង្គការ និងគណៈប្រតិភូទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំសន្និសីទនេះ។


មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់របស់កម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត និងខិតខំបំពេញការងារអស់រយៈពេលជាច្រើនខែ ដើម្បីធានាឱ្យការទទួលស្វាគមន៍គណៈប្រតិភូ និងការរៀបចំកិច្ចប្រជុំប្រព្រឹត្តទៅក្នុងលក្ខខណ្ឌល្អប្រសើរបំផុត។


ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ដ៏សំខាន់នៅថ្ងៃបន្ទាប់ ឯកឧត្តមបានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិក នឹងជួបប្រជុំគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមមូលបទដែលកម្ពុជាបានដាក់ចេញដោយមានជំនឿជាក់យ៉ាងមុតមាំ គឺ៖ «វិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
មូលបទនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសន្តិភាពក្នុងការកសាងវិបុលភាពរួម និងធានានូវស្ថិរភាពយូរអង្វែង សម្រាប់ប្រជាជន និងប្រទេសនានា ស្របតាមស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងគុណតម្លៃរួមរបស់ចលនាហ្វ្រង់កូហ្វូនី៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត





















