នៅថ្ងៃទី១៤ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញថា ការជួបជុំគ្នានៅកម្ពុជារបស់ថ្នាក់ដឹកនាំ និងតំណាងរដ្ឋាភិបាលនៃសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូន មកពីទ្វីបទាំងប្រាំ បង្ហាញថា កម្ពុជាកំពុងឈានចូលទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការទូតពហុភាគី។
យោងតាមព័ត៌មានរបស់ក្រសួងព័ត៌មានកម្ពុជានាថ្ងៃដដែល លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មិនត្រឹមតែជាកិច្ចប្រជុំអន្តរជាតិមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយផងដែរ។ លោកបានថ្លែងថា នេះបង្ហាញយ៉ាងច្បាស់ពីឋានៈអន្តរជាតិរបស់កម្ពុជាដែលកំពុងកើនឡើង និងទំនុកចិត្តខ្ពស់របស់សហគមន៍អន្តរជាតិចំពោះកម្ពុជា ហើយក៏ឆ្លុះបញ្ចាំងពីតួនាទីកាន់តែសកម្មរបស់កម្ពុជានៅលើឆាកការទូតពហុភាគី។
លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា សម្តេចព្រះនរោត្តម សីហនុ គឺជាស្ថាបនិកមួយអង្គនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូន។ លោកបានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះនៅមាតុភូមិរបស់ព្រះអង្គ មានអត្ថន័យយ៉ាងជ្រាលជ្រៅ។
លោកបានថ្លែងថា បុព្វហេតុដែលសម្តេចព្រះនរោត្តម សីហនុ បានចូលរួមបង្កើតកាលពីជាងកន្លះសតវត្សរ៍មុន ឥឡូវនេះបានវិលត្រឡប់មកកាន់ទឹកដីដែលមានអរិយធម៌ដ៏យូរលង់ ធ្លាប់ឆ្លងកាត់សង្គ្រាម និងបានកសាងឡើងវិញយ៉ាងពេញលេញ។ លោកបានពណ៌នាថា នេះជាការផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយមរតករាជវង្ស និងប្រវត្តិសាស្ត្រជាតិ ហើយក៏បើកដំណើរថ្មីប្រកបដោយក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលអនាគត។
