ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ សម្តេចធិបតីបានលើកឡើងអំពីស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយរំលឹកថា ក្នុងឆ្នាំ២០២៥ ប្រទេសទាំងពីរបានប្រឈមនឹងការប៉ះទង្គិចប្រដាប់អាវុធចំនួនពីរលើក។ សម្តេចបានបញ្ជាក់ពីជំហររបស់កម្ពុជាថា ភាគីថៃជាអ្នកចាប់ផ្តើមការប៉ះទង្គិចមុន ខណៈកម្ពុជាបានបន្តប្រកាន់ខ្ជាប់នូវគោលការណ៍អត់ធ្មត់ និងការស្វែងរកដំណោះស្រាយតាមមធ្យោបាយសន្តិវិធី។

សម្តេចធិបតីបានគូសបញ្ជាក់ថា ទោះបីជាមានការឯកភាពលើបទឈប់បាញ់កាលពីឆ្នាំ២០២៥ ក៏ដោយ ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ នៅមិនទាន់វិលត្រឡប់ទៅរកប្រក្រតីភាពពេញលេញនៅឡើយទេ។ សម្តេចបានលើកឡើងថា តំបន់មួយចំនួនដែលកម្ពុជាអះអាងថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងយោធាថៃ ដែលកម្ពុជាចាត់ទុកថាជាការរំលោភលើច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ ក៏នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។
ឆ្លើយតបចំពោះបញ្ហាប្រឈមទាំងនេះ សម្តេចធិបតីបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ ព្រមទាំងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តនានា ដែលកម្ពុជា និងថៃបានឯកភាពគ្នាកន្លងមក ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្តារសន្តិភាព និងទំនុកចិត្តរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោក សម្តេចធិបតីបានស្នើឱ្យមានការបោះបង្គោលព្រំដែនឡើងវិញ ដោយផ្អែកលើខ្សែបន្ទាត់ព្រំដែនដែលមានមូលដ្ឋានតាមឯកសារ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ។ សម្តេចបានសង្កត់ធ្ងន់ថា ការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ មិនមែនជាការបង្កើតខ្សែព្រំដែនថ្មីនោះទេ ប៉ុន្តែជាការអនុវត្តតាមខ្សែបន្ទាត់ព្រំដែនដែលមានមូលដ្ឋានជាប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។ Bដោយឡែក ចំពោះបញ្ហាព្រំដែនសមុទ្រ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាបានជ្រើសរើសយន្តការដោះស្រាយវិវាទតាមផ្លូវច្បាប់អន្តរជាតិ ដោយអនុលោមតាមនីតិវិធីពាក់ព័ន្ធនឹងច្បាប់សមុទ្រ។ សម្តេចបានឱ្យដឹងថា ភាគីថៃក៏បានចូលរួមក្នុងដំណើរការនីតិវិធីនេះផងដែរ ដែលជាផ្នែកមួយនៃការស្វែងរកដំណោះស្រាយតាមមធ្យោបាយសន្តិវិធី។

ក្នុងឱកាសនោះដែរ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមគាំទ្រ និងជំរុញកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា ការទូត និងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែករក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ជាមួយគ្នានេះ សម្តេចធិបតីបានរំលេចពីសារៈសំខាន់នៃការរួមគ្នាការពារ និងកសាងសន្តិភាព ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី ជាជាងការប្រើប្រាស់កម្លាំង។

សារអំពាវនាវរបស់សម្តេចធិបតីក្នុងវេទិកាអន្តរជាតិនេះ បានបង្ហាញពីជំហររបស់កម្ពុជាក្នុងការបន្តស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនជាមួយថៃ តាមរយៈយន្តការច្បាប់ និងការទូត ដោយផ្តល់អាទិភាពដល់ការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែង។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមស្មារតីពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងសន្តិភាព ដើម្បីវិបុលភាពរួម។ អត្ថបទ៖ ប៉ៃ សុឃីម/រូបភាព៖ ទាវ វិឆាត



