ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានរៀបចំព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវស្ត្រីទី១ នៅព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីបារាំង អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ហ្រ្វង់កូហ្វូនី។
ព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចដ៏មានអត្ថន័យនេះ បានបង្ហាញពីកិត្តិយស និងការទទួលស្វាគមន៍ចំពោះវត្តមានប្រធានាធិបតីបារាំង និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា។ ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីចំណងមិត្តភាព និងទំនាក់ទំនងដ៏យូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់កម្ពុជានាពេលនេះ ប្រព្រឹត្តទៅស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ដំណើរទស្សនកិច្ចនេះបានបន្ថែមនូវសារៈសំខាន់ដល់ទំនាក់ទំនងទ្វេភាគី និងជាឱកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនានា។ ដោយ៖ សុភ័ក្រ្ត







