ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្ញើសារអបអរសាទរចំពោះកម្ពុជាក្នុងឱកាសបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រកបដោយជោគជ័យ។ សារអបអរសាទរនេះមិនត្រឹមតែជាការសម្ដែងការកោតសរសើរចំពោះសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីមិត្តភាព និងការចែករំលែកក្ដីរីករាយ នៅពេលដែលឃើញមិត្តដែកថែបសម្រេចបានសមិទ្ធផលថ្មីមួយទៀតលើឆាកអន្តរជាតិ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ ឯកឧត្តម Wang Wenbin ក៏បានលើកសរសើរពីភាពទាក់ទាញនៃ «ស្នាមញញឹមអង្គរ» ដែលបានធ្វើឱ្យភ្ញៀវកិត្តិយសចាប់អារម្មណ៍ និងកោតសរសើរចំពោះវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ការលើកឡើងនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់មិត្តចិនចំពោះសម្រស់វប្បធម៌ អត្តសញ្ញាណជាតិ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា ដែលបានបង្ហាញជូនភ្ញៀវអន្តរជាតិក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
សារអបអរសាទររបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ក៏ជាទិដ្ឋភាពមួយដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលមានប្រពៃណីយូរអង្វែង និងផ្អែកលើការគាំទ្រ ការគោរព និងការចែករំលែកសេចក្ដីរីករាយជាមួយគ្នា។ មិត្តភាពពិតប្រាកដ គឺមិនត្រឹមតែឈរក្បែរគ្នាក្នុងគ្រាលំបាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីករាយ និងអបអរសាទរចំពោះភាពជោគជ័យរបស់គ្នាទៅវិញទៅមកផងដែរ។ «សូមកោតសរសើរដល់ប្រទេសកម្ពុជា!» គឺជាសារដ៏ខ្លី ប៉ុន្តែមានអត្ថន័យនៃមិត្តភាព និងការជូនពរចំពោះមិត្តកម្ពុជាក្នុងឱកាសដ៏ពិសេសនេះ៕អត្ថបទ៖ សុភ័ក្រ្ត



