រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅក្នុងសាររបស់អាយប៉ាដោយជោគជ័យជូនប្រមុខដឹកនាំអាស៊ាន

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា អមដំណើរដោយ ឯកឧត្តម ទី សុគន្ធ បានទទួលការគាំទ្រជាឯកច្ឆន្ទពីបណ្តាប្រទេសជាសមាជិកអាយប៉ាទាំងអស់ ក្នុងការដាក់បញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងស្ថានភាពជនភៀសសឹកជាង ២០.០០០នាក់ ទៅក្នុងសារផ្លូវការរបស់អាយប៉ា ជូនប្រមុខដឹកនាំអាស៊ាន។ សមិទ្ធផលនេះបានកើតឡើងក្នុងកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា លើកទី១៥ និងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ អ័រ ម៉ាកូស ជេអ័រ។

គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា អមដំណើរដោយ ឯកឧត្តម ទី សុគន្ធ បានទទួលការគាំទ្រជាឯកច្ឆន្ទពីបណ្តាប្រទេសជាសមាជិកអាយប៉ាទាំងអស់ ក្នុងការដាក់បញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងស្ថានភាពជនភៀសសឹកជាង ២០.០០០នាក់ ទៅក្នុងសារផ្លូវការរបស់អាយប៉ា ជូនប្រមុខដឹកនាំអាស៊ាន។

 សមិទ្ធផលនេះបានកើតឡើងក្នុងកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា លើកទី១៥ និងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ អ័រ ម៉ាកូស ជេអ័រ។ ក្នុងសារដែលអានដោយ ឯកឧត្តម ហ្វូស្ទីណូ បូជី ជី. ឌី ទី៣ ប្រធានរដ្ឋសភាហ្វីលីពីន បានអំពាវនាវឱ្យកម្ពុជា និងថៃ គោរព និងអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងរួមហ្វូសៀន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

ជាមួយគ្នានេះ សាររបស់អាយប៉ាបានបង្ហាញការគាំទ្រចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងជំរុញឱ្យភាគីទាំងពីរបង្កលក្ខណៈងាយស្រួលដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកជាង ២០.០០០នាក់ ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងមានសេចក្តីថ្លៃថ្នូរ ព្រមទាំងធានាការការពារសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។

ចំពោះតួលេខជនភៀសសឹកនេះ ត្រូវបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ក្រៅពីការលើកឡើងអំពីបញ្ហាព្រំដែន គណៈប្រតិភូសភាកម្ពុជាក៏បានរួមចំណែកបញ្ចូលធាតុចូលយុទ្ធសាស្ត្រសំខាន់ៗចំនួន៤បន្ថែមទៀតទៅក្នុងសាររបស់អាយប៉ា ដោយផ្តោតលើការពង្រឹងគោលការណ៍គ្រឹះអាស៊ាន ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការការពារជនស៊ីវិលជាដាច់ខាត។ការគាំទ្រជាឯកច្ឆន្ទពីបណ្តាប្រទេសសមាជិកអាយប៉ា ចំពោះការបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃទៅក្នុងសារផ្លូវការនេះ បានបង្ហាញពីសារៈសំខាន់នៃកិច្ចការទូតសភា ក្នុងការលើកយកបញ្ហាប្រឈមមកពិភាក្សាក្នុងក្របខ័ណ្ឌតំបន់ និងជំរុញការគោរពគោលការណ៍អន្តរជាតិ៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…