នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងភរិយា លោកជំទាវ Brigitte Macron បានថតរូបសែលហ្វីជាមួយសមាជិកក្រុមសិល្បករដែលបានសម្ដែងក្នុងពិធីជប់លៀងនោះ។
កាលពីល្ងាចមុន ផលិតកម្មតន្ត្រីកម្ពុជា Baramey បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោក ម៉ាក្រុង និងភរិយា បានជួបជាលក្ខណៈឯកជនជាមួយក្រុមសិល្បករក្រោមផលិតកម្មនេះ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា។ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីសក្ដានុពលនៃការអភិវឌ្ឍតន្ត្រី សិល្បៈ និងវប្បធម៌កម្ពុជា។ តារារ៉េបកម្ពុជា វណ្ណដា ស្ថិតក្នុងចំណោមសិល្បករដែលបានចូលរួម។ ផលិតកម្ម Baramey បានរៀបរាប់ថា ជំនួបនេះ«មានតម្លៃ និងប្រកបដោយភាពស្និទ្ធស្នាល» ហើយថា «តន្ត្រីពិតជាគ្មានព្រំដែន»។
យោងតាមសេចក្ដីរាយការណ៍ តារារ៉េប វណ្ណដា បានសម្ដែងបទ «Time To Rise» ក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ និងជាតារាចម្រៀងកម្ពុជាដំបូងគេដែលបានសម្ដែងលើឆាកអូឡាំពិក។ វីដេអូមួយទៀតដែលផ្សព្វផ្សាយលើបណ្ដាញសង្គមបង្ហាញថា វណ្ណដា បានហុចក្រដាសមួយសន្លឹកឱ្យលោក ម៉ាក្រុង នៅក្នុងពិធីទទួលភ្ញៀវមួយ។ លោក ម៉ាក្រុង បានដាក់ក្រដាសនោះចូលក្នុងហោប៉ៅ ហើយខ្លឹមសារក្នុងក្រដាសនោះមិនត្រូវបានបង្ហើបឱ្យដឹងឡើយ។
លោក ម៉ាក្រុង និងភរិយា បានមកដល់កម្ពុជានៅថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។
