ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បានឯកភាពដាក់ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»។ ឯកសារនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ ភាពចម្រុះនៃភាសា និងវប្បធម៌ ព្រមទាំងពង្រឹងសាមគ្គីភាព សន្តិភាព កិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ដោយចាត់ទុកបេតិកភណ្ឌរូបី និងអរូបី ជាមរតកដ៏មានតម្លៃដែលត្រូវការពារសម្រាប់មនុស្សជំនាន់ក្រោយ។


សេចក្តីអំពាវនាវនេះក៏បានលើកឡើងពីបញ្ហាប្រឈមធំៗដែលកំពុងគំរាមកំហែងដល់បេតិកភណ្ឌវប្បធម៌នៅលើពិភពលោក ដូចជា ការបំផ្លិចបំផ្លាញ ការជួញដូរខុសច្បាប់ ជម្លោះប្រដាប់អាវុធ គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ និងនគរូបនីយកម្មដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ។ ជាមួយគ្នានេះ បណ្តាមេដឹកនាំបានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសមត្ថភាពជាតិ ក្នុងការការពារ អភិរក្ស ជួសជុល និងស្តារបេតិកភណ្ឌឡើងវិញ ព្រមទាំងជំរុញការផ្ទេរចំណេះដឹង ប្រពៃណីទៅកាន់យុវជន ការធ្វើឌីជីថលភាវូបនីយកម្ម ការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត ដោយគោរពភាពចម្រុះវប្បធម៌ និងកម្មសិទ្ធិបញ្ញា។


បន្ថែមពីនេះ អង្គប្រជុំបានសង្កត់ធ្ងន់លើការបង្កើនកិច្ចសហការដើម្បីទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ និងវត្ថុបុរាណខុសច្បាប់ ព្រមទាំងជំរុញការបញ្ជូន ឬប្រគល់វត្ថុបេតិកភណ្ឌទៅប្រទេសដើមវិញ ស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ក៏បានបញ្ជាក់ជាថ្មីថា ការការពារបេតិកភណ្ឌ ការលើកកម្ពស់ភាពចម្រុះផ្នែកវប្បធម៌និងភាសា និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងសន្តិភាព ការយោគយល់គ្នា ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក។ ដោយ៖ សុភ័ក្រ្ត






