ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមហ៊ុន SBI Holdings Inc.ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយរបស់ប្រទេសជប៉ុន បានប្រកាសចាប់ផ្តើមធ្វើតេស្ដសាកល្បង លើការធ្វើថូខិនណាយមូលបត្ររដ្ឋនៅកម្ពុជា ក្នុងអំឡុងពេលវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia នៅរាជធានីភ្នំពេញ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជានាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គោលបំណងនៃការធ្វើតេស្តសាកល្បងនេះ គឺដើម្បីសិក្សាលើលទ្ធភាពនៃការប្រើប្រាស់ បច្ចេកវិទ្យាប្លុកឆេន (Blockchain) ក្នុងប្រតិបត្តិការមូលបត្ររដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ តាមរយៈការកាត់បន្ថយចំណាយ បង្កើនតម្លាភាព និងពន្លឿនដំណើរការទិញ-លក់ និងការទូទាត់។ ទន្ទឹមនេះ គម្រោងនេះក៏នឹងរួមចំណែកពង្រីកឱកាសក្នុងការចូលរួមរបស់វិនិយោគិន និងជំរុញការអភិវឌ្ឍទីផ្សារមូលបត្រឱ្យកាន់តែទំនើប ស្របតាមនិន្នាការបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ 
បន្ថែមលើនេះ គំនិតផ្តួចផ្តើមនេះនឹងបើកឱកាសថ្មីមួយសម្រាប់ការសិក្សា ស្វែងយល់ និងសាកល្បងសក្តានុពលនៃ បច្ចេកវិទ្យាប្លុកឆេនក្នុងការលើកកម្ពស់នវានុវត្តន៍ និងការធ្វើទំនើបកម្មសេវាហិរញ្ញវត្ថុ ព្រមទាំង ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការស្វែងរកដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ។ លទ្ធផលនៃការ សិក្សានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការពិចារណាលើជំហានបន្ទាប់ រួមទាំងការដាក់ឱ្យអនុវត្ត ក្នុងដំណាក់កាលសាកល្បង ឬការអនុវត្តជាផ្លូវការនាពេលអនាគត។
ការធ្វើតេស្តសាកល្បងនេះ នឹងផ្តល់សារៈសំខាន់ជាច្រើនសម្រាប់សាធារណជន និងធុរជន ក្នុងការស្វែងយល់ពីការរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និង ន់វានុវត្តន៍នៃផលិតផល និងសេវានាពេលបច្ចុប្បន្ន។ បន្ថែមលើនេះ ចំពោះអ្នកចូលរួមអន្តរជាតិ ការធ្វើតេស្តសាកល្បងនេះ នឹងផ្តល់ជាបទពិសោធន៍ ព្រមទាំងជាគំនិតក្នុងការសិក្សាស្រាវជ្រាវបន្ថែម អំពីនវានុវត្តន៍ហិរញ្ញវត្ថុថ្មី ដែលអាចដាក់ឱ្យប្រើប្រាស់បានទៅតាមបរិបទនៃប្រទេសរៀងៗខ្លួន៕
ដោយ៖ ស្រីពី


