នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលរួមជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងភរិយា ក្នុងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិចនៅខេត្តសៀមរាប ក្រោយបញ្ចប់ការជួសជុល។


ក្រោមកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងកម្ពុជា និងបារាំង គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានបញ្ចប់បន្ទាប់ពីចំណាយពេល ១៤ ឆ្នាំ និងថវិកាសរុប ១២ លានដុល្លារអាមេរិក។


ប្រាសាទមេបុណ្យខាងលិចត្រូវបានកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២។ ប្រាសាទនេះស្ថិតលើកោះមួយនៅចំកណ្ដាលបារាយណ៍ទឹកថ្លា ក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។ បារាយណ៍ទឹកថ្លាជាអាងស្តុកទឹកដ៏សំខាន់មួយនៅសម័យអង្គរ។ ជុំវិញប្រាសាទមានកំពែងបួនជ្រុង ដែលមួយជ្រុងៗមានប្រវែងប្រហែល ១០០ ម៉ែត្រ និងមានតួប្រាង្គចំនួន ១៦។ នៅចំកណ្ដាលស្រះប្រាសាទ ធ្លាប់តម្កល់បដិមាព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ ដោយមានស្ពានហាលឆ្ពោះទៅកាន់ទីតម្កល់បដិមា។ នេះជាលក្ខណៈលេចធ្លោមួយរបស់ប្រាសាទ។ សំណង់ទាំងនេះធ្លាប់រងការខូចខាតធ្ងន់ធ្ងរ និងប្រឈមនឹងការដួលរលំ ប៉ុន្តែក្រោយការជួសជុល សំណង់មានភាពរឹងមាំឡើងវិញ និងស្ដារបានទម្រង់ដើម។


ក្រុមការងារបារាំងធ្លាប់បានជួសជុលប្រាសាទនេះម្ដងនៅឆ្នាំ១៩៤០។ នៅឆ្នាំ២០១២ កម្ពុជា និងបារាំងបានចាប់ផ្ដើមគម្រោងជួសជុលទ្រង់ទ្រាយធំម្ដងទៀត។ ក្នុងរយៈពេល ១៤ ឆ្នាំ ក្រុមការងាររួមបានជម្នះឧបសគ្គជាច្រើន ដោយសិក្សាឯកសារប្រវត្តិសាស្ត្រ ស្វែងរកដុំថ្មដែលបែកខ្ចាត់ខ្ចាយយកមកផ្គុំចូលទីតាំងដើមវិញ ដឹកគ្រឿងចក្រធុនធ្ងន់ និងថ្មភក់តាមទូក ព្រមទាំងរៀបចំ និងគ្រប់គ្រងក្រុមកម្មករ។ កម្មករជាង ១០០ នាក់បានចូលរួមបំពេញការងារ ដូចជាឆ្លាក់ ដាប់ កាត់ និងផ្គុំថ្ម ព្រមទាំងដឹកជញ្ជូនសម្ភារៈ។ នៅដំណាក់កាលចុងក្រោយ ក្រុមរៀបចំទេសភាព និងក្រុមសាងសង់ផ្លូវដើរសម្រាប់ភ្ញៀវទស្សនាបានបញ្ចប់ការងារបន្ថែមទាំងនោះ។
ក្នុងរដូវវស្សា អាជ្ញាធរជាតិអប្សរាបានគ្រប់គ្រងកម្ពស់ទឹកក្នុងបារាយណ៍យ៉ាងម៉ត់ចត់ ដើម្បីឱ្យការជួសជុលអាចបន្តបានពេញមួយឆ្នាំដោយមិនរងការរំខានពីទឹកជំនន់។ ទន្ទឹមនឹងនេះ អាជ្ញាធរបានធានាការស្រោចស្រពដីកសិកម្មជុំវិញជាង ៧ ០០០ ហិកតា និងការផ្គត់ផ្គង់ទឹកសម្រាប់ផលិតទឹកស្អាតនៅក្រុងសៀមរាប។
