ក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យប្រព្រឹត្តទៅដោយសុវត្ថិភាព។
ការចូលរួមយ៉ាងសកម្ម និងការអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវរបស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងវិធានការសន្តិសុខ ការពារសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពសង្គម។ ជាពិសេស ការដឹកនាំចង្អុលបង្ហាញ និងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ បានធ្វើឱ្យការងាររៀបចំ និងការគ្រប់គ្រងសន្តិសុខក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលជោគជ័យ។

ជាមួយគ្នានេះ ការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរួមរបស់កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គឺជាការបង្ហាញពីការរួបរួមគ្នាក្នុងការគាំទ្ររាជរដ្ឋាភិបាល និងបំពេញកាតព្វកិច្ចបម្រើជាតិ និងប្រជាជន។ សមិទ្ធផលនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមលើកកម្ពស់កិត្តិយស និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕ដោយ៖សុភ័ក្រ្ត

















