សារព័ត៌មានហ្វីលីពីនបានរាយការណ៍ថា ការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីន (NBI) បានឱ្យដឹងថា ខ្លួនបានឆ្មក់ចូលទីតាំងចំនួន៤ ដែលមានទំនាក់ទំនងគ្នា នៅស្រុកប៉ាងឡាវ និងស្រុកដាវអ៊ីស ក្នុងខេត្តបូហូល។ អាជ្ញាធរបានចាប់ខ្លួនមនុស្ស៣១នាក់ ក្នុងនោះមានទាំងជនជាតិហ្វីលីពីន និងជនបរទេស។
ការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីនបានបញ្ជាក់ថា ទីតាំងទាំងនេះត្រូវបានសង្ស័យថាជាកន្លែងដំណើរការបណ្តាញឆបោកពាក់ព័ន្ធនឹងការវិនិយោគ រូបិយប័ណ្ណគ្រីបតូ និងទំនាក់ទំនងស្នេហា។ ទឹកប្រាក់ពាក់ព័ន្ធត្រូវបានប៉ាន់ស្មានថាមានជាង១០លានដុល្លារអាមេរិក ឬប្រមាណ៦៣៩លានប៉េសូហ្វីលីពីន។ ប្រតិបត្តិការនេះធ្វើឡើងដោយការិយាល័យស៊ើបអង្កេតជាតិ សហការជាមួយគណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មជាក្រុមរបស់ប្រធានាធិបតី ក្រោមដីកាឆែកឆេរចេញដោយតុលាការថ្នាក់តំបន់នៅក្រុងឡាពូ-ឡាពូ។ អាជ្ញាធរបានរឹបអូសកំណត់ត្រាប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូ បញ្ជីគណនេយ្យ និងឧបករណ៍អេឡិចត្រូនិករាប់រយគ្រឿង។
តាមសេចក្តីរាយការណ៍ ការផ្ទៀងផ្ទាត់របស់ការិយាល័យស៊ើបអង្កេតជាតិបានរកឃើញថា ជនសង្ស័យមួយចំនួនធ្លាប់ធ្វើដំណើរទៅ ឬស្នាក់នៅកម្ពុជា។ អ្នកស៊ើបអង្កេតក៏បានរកឃើញអត្តសញ្ញាណប័ណ្ណកម្ពុជាមួយសន្លឹក ដែលមានអាសយដ្ឋានត្រូវនឹងទីតាំងសង្ស័យថាជាកន្លែងឆបោក ដែលអាជ្ញាធរកម្ពុជាធ្លាប់ឆ្មក់ចូលត្រួតពិនិត្យ។ ការិយាល័យស៊ើបអង្កេតជាតិបានឱ្យដឹងថា ព័ត៌មាននេះបង្ហាញពីលទ្ធភាពនៃទំនាក់ទំនងឆ្លងដែន ហើយបានបញ្ជូនព័ត៌មានទៅការិយាល័យអន្តោប្រវេសន៍ដើម្បីផ្ទៀងផ្ទាត់។
អ្នកដែលត្រូវបានចាប់ខ្លួនទាំង៣១នាក់ ត្រូវបានបញ្ជូនទៅឱ្យព្រះរាជអាជ្ញាពិនិត្យបឋមក្រោយការចាប់ខ្លួន។ ការិយាល័យស៊ើបអង្កេតជាតិបានស្នើឱ្យចោទប្រកាន់ពួកគេពីបទសង្ស័យពាក់ព័ន្ធនឹងការបោកបញ្ឆោតតាមបែបវិស្វកម្មសង្គម និងការបំផ្លាញសេដ្ឋកិច្ច។ ព័ត៌មានលម្អិតអំពីសញ្ជាតិរបស់អ្នកត្រូវចាប់ខ្លួន និងចំនួនជនរងគ្រោះ មិនទាន់ត្រូវបានបង្ហាញទេ។

