ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Datuk Nur Jazlan Mohamed អនុប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងកោតសរសើរចំពោះប្រទេសម៉ាឡេស៊ី ដែលក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ បានដើរតួនាទីយ៉ាងសកម្ម និងប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយសន្តិវិធី។ ការខិតខំប្រឹងប្រែងនេះបានរួមចំណែកដល់ការឈានទៅសម្រេចបានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ការបង្កើតក្រុមសង្កេតការណ៍អន្តរកាល និងក្រុមសង្កេតការណ៍អាស៊ាន (AOT) ក៏ត្រូវបានលើកឡើងជាយន្តការសំខាន់ក្នុងការគាំទ្រដល់ការតាមដានស្ថានការណ៍ និងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន។ ជំនួបនេះបានបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី និងការប្តេជ្ញាចិត្តរួមក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការដោះស្រាយបញ្ហាក្នុងតំបន់តាមរយៈការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្រៅពីការលើកទ្បើងបញ្ហាព្រំដែនក្នុងជំនួបនេះក៏បានផ្តោតលើការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី លើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការងារ ថាមពល ការដឹកជញ្ជូន និងការតភ្ជាប់ ព្រមទាំងការស្វែងរកឱកាសវិនិយោគ និងកិច្ចសហការថ្មីៗលើវិស័យពាណិជ្ជកម្ម អប់រំ សុខាភិបាល និងទេសចរណ៍៕ដោយ៖ សុភ័ក្រ្ត



