តុលាការមជ្ឈការអចិន្ត្រៃយ៍ បានប្រកាសថា គណៈកម្មការផ្សះផ្សាក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះជាផ្នែកមួយនៃដំណើរការដោះស្រាយវិវាទដែនសមុទ្រដោយសន្តិវិធី ដែលផ្តួចផ្តើមដោយកម្ពុជា ដោយភាគីពាក់ព័ន្ធនឹងបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ជាពិសេសទិដ្ឋភាពបច្ចេកទេស ព្រមទាំងស្វែងរកចំណុចរួម និងការឯកភាពគ្នា ដោយផ្អែកលើលទ្ធផលកិច្ចប្រជុំមុន។


សម្រាប់កិច្ចប្រជុំនេះ គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមចរចា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាតំណាងរងរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់។ តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានទៅសម្រេចសន្ធិសញ្ញាជាមួយថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយសម្រាប់គ្រប់គោលបំណង ឬឈានទៅរកកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជាស្ថាពរលើព្រំដែនសមុទ្រ។


ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសខាងលើ កម្ពុជានឹងស្នើឱ្យគណៈកម្មការរៀបចំអនុសាសន៍ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោម UNCLOS។ ដោយឈរលើស្មារតីកសាងទំនុកចិត្ត ដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំលើកមុននៅទីក្រុងឡាអេ កាលពីខែតុលា ឆ្នាំ២០២៦ កម្ពុជាបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយគណៈកម្មការ និងព្រះរាជាណាចក្រថៃ ដើម្បីស្វែងរកដំណោះស្រាយដែលមានភាពយុត្តិធម៌ និងស្ថិតស្ថិរយូរអង្វែង។ ដោយ៖ សុភ័ក្រ្ត





