រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្មវិធី«ស្លាបសន្តិភាព»ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងជោគជ័យ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៨ ខែសីហា កម្មវិធី «ស្លាបសន្តិភាព» ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ឆ្នាំនេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាមប

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៨ ខែសីហា កម្មវិធី «ស្លាបសន្តិភាព» ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន  ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។

ឆ្នាំនេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាមប្រឆាំងហ្វាស៊ីសនិយមពិភពលោក ក៏ដូចជាខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»ផងដែរ។ ភាគីទាំងពីរ បានប្រើប្រាស់ទម្រង់នៃការសម្តែងសិល្បៈ និងវប្បធម៌ ដើម្បីបង្ហាញពីទស្សនៈសន្តិភាព  ពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃសាធារណៈមតិសម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។

កម្មវិធីសម្តែងបានចាប់ផ្តើមជាមួយនឹងរបាំអប្សរា «អ្នកនាំសារសន្តិភាព» ដែលសម្តែងដោយសិស្សសាលារបាំនរោត្តមបុប្ផាទេវី  ដែលកាយវិការរាំដ៏ស្រស់ស្អាតបានបង្ហាញពីតម្លៃដ៏វិសេសវិសាល និងក្តីប្រាថ្នាចំពោះសន្តិភាព។ បន្ទាប់មក មានការសម្តែងសិល្បៈគុនកុងហ្វូចិន និងក្បាច់គុនល្បុក្កតោខ្មែរ ដើម្បីបង្ហាញពីទំនាក់ទំនងដ៏អស្ចារ្យ នៃសិល្បៈក្បាច់គុន។ កម្មវិធីជាបន្តបន្ទាប់រួមមានបទចម្រៀង «មនោសញ្ចេតនាកម្ពុជា-ចិន» ការប្រគំពិណបុរាណចិន បទ «សំណើចសមុទ្រឆាង» និង ការសូត្រកំណាព្យ បទ «សង្គ្រាមនិងសន្តិភាព» ដែលទាំងអស់នេះបានបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណី និងការបង្ហាញមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព។ របាំ «ព្រាបសន្តិភាព» របស់ក្រុមសិល្បៈរបាំខ្មែរ  បានបង្ហាញពីអនាគតដ៏ស្រស់បំព្រង ហើយចម្រៀង បទ«សូមឱ្យពិភពលោកពោរពេញដោយក្តីស្រឡាញ់» ដែលច្រៀងដោយសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា បានធ្វើឱ្យកម្មវិធីទាំងមូលរឹតតែឱឡារិកបំផុត។

នៅក្នុងកម្មវិធីនេះ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ ប្រជាជនកម្ពុជាស្រឡាញ់ និង ការពារសន្តិភាពនិងឱ្យតម្លៃកាលានុវត្តភាពអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាព។ ប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាព មេត្រីភាព និងមានភាពទាក់ទាញ។ រយៈពេល៧ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៣លាន៧សែន១ម៉ឺននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ៦៩ម៉ឺននាក់ កើនឡើង៤៨.២ ភាគរយ។ ប្រទេសកម្ពុជាត្រដាង «ស្លាបសន្តិភាព» អញ្ជើញមិត្តភក្តិចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។

ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងសុន្ទរកថាក្នុងកម្មវិធីនេះថា ឆ្នាំនេះជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែង ហើយមនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។ វប្បធម៌ និង សិល្បៈគឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែលនេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់អំពីតម្លៃសន្តិភាពដែលប្រជាជនប្រទេសទាំងពីររួមគ្នាការពារផងដែរ។

ទំនាក់ទំនងរវាងប្រទេសនឹងរឹងមាំនៅពេលដែលប្រជាជនមានភាពស្និទ្ធស្នាល ហើយភាពស្និទ្ធស្នាលរវាងប្រជាជនកើតចេញពីការយល់ចិត្តគ្នា។ កម្មវិធីនេះមិនត្រឹមតែជាកម្មវិធីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីបេះដូងរួមគ្នាផងដែរ ។ ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព និង ក្តីរំពឹងចំពោះអនាគតដ៏ស្រស់បំព្រងតាមរយៈតន្ត្រី និង របាំ ។ ភ្ញៀវកិត្តិយស និង ទស្សនិកជនបានលើកឡើងថា កម្មវិធីសម្ដែងសិល្បៈ «ស្លាបសន្តិភាព» មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរ និង រៀនសូត្រវប្បធម៌ទៅវិញទៅមក នៃប្រទេសទាំងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីជំនឿចិត្តដ៏រឹងមាំក្នុងការរួមគ្នាកសាងសន្តិភាព និង មិត្តភាពផងដែរ៕

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…