រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមអ្នកសង្កេតការណ៍អន្តរកាល៥ប្រទេស ចេញដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យ និងសង្កេតការណ៍ បន្ទាប់ពីទាហានថៃរាយបន្លាលួសក្នុងទឹកដីកម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ថ្លែងក្នុងឱកាសសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៥ប្រទេស រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យ និងសង្កេតការណ៍ ខេត្តបន្ទាយមានជ័យ។

ការធ្វើដំណើរចុះទៅខេត្តបន្ទាយជ័យ ដើម្បីចុះទៅពិនិត្យ និងសង្កេតការណ៍ បន្ទាប់ពីកាលពីវេលាម៉ោង ១៤:២០នាទី រសៀលថ្ងៃទី២៥ ខែសីហា កងកម្លាំងយោធារបស់ថៃ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្រ្តភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែប្រជាពលរដ្ឋ និងសមត្ថកិច្ចធ្វើការទប់ស្កាត់ ទើបកងកម្លាំងថៃដកថតចេញទៅវិញ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ដែរថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៧នាទី នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការដ្ឋានរបស់យោធភូមិភាគទី៤កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការដ្ឋានយោធភូមិភាគទី២ ថៃ ដឹកនាំដោយវរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។

ភាគីទាំងពីរបានពិភាក្សាលើការផ្លាស់ប្តូរកំណត់ហេតុទៅវិញទៅមក និងត្រួតពិនិត្យការប្រុងប្រៀបរៀបចំទីតាំងសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…