រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីនិងទ្វេភាគីកាន់តែមានភាពទូលំទូលាយ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បច្ចុប្បន្ន កម្ពុជាបាននិងកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ចំនួន១១ ជាមួយបណ្តាប្រទេសមួយចំនួនដែលនាំឱ្យចំណូលពន្ធគយដែលបាត់បង់ប្រចាំឆ្នាំពីការអនុវត្តកិច្ចព្រមព្រៀងនេះបានកើនឡើងជាលំដាប់ ជាក់ស្តែងក្នុងឆ្នាំ២០២៤ ការបាត់បង់ចំណូលពន្ធគយបានកើនដល់ ៤១៥,៨២លានដុល្លារអាម៉េរិក។ ប៉ុន្តែទោះជាយ៉ាងណា កំណើននេះ បញ្ជាក់ឱ្យឃើញពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅកម្ពុជា កាន់តែមានភាពទូលំទូលាយ។ នេះបើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ។

តាមរយៈសិក្ខាសាលាស្ដីពី “ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធគយ” ជូនដល់មន្ត្រីគយ និងរដ្ឋាករកម្ពុជាចំនួន ៥២រូប ចាប់ពីថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា លោក ចាន់ សុភាព អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងទីផ្សារតំបន់ និងពិភពលោក។ ការធ្វើសមាហរណកម្មនេះ ធ្វើឡើងតាមរយៈការចូលជាសមាជិកអាស៊ាន អង្គការគយពិភពលោក អង្គការពាណិជ្ជកម្មពិភពលោក និងជាភាគីនៃកិច្ចព្រមព្រៀងនិងអនុសញ្ញាជាច្រើនក្រោមក្របខ័ណ្ឌតំបន់និងពិភពលោកដូចជា៖ កិច្ចព្រមព្រៀងអាស៊ានស្តីពីគយ, កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម, អនុសញ្ញាអន្តរជាតិស្តីពីសាមញ្ញកម្មនិងសុខដុមនីយកម្មនីតិវិធីគយជាដើម។

មិនតែប៉ុណ្ណោះ ការធ្វើសមាហរណកម្មនេះ បានគាំទ្រដល់ការងារកែទម្រង់និងទំនើបកម្មគយ ជាពិសេសលើការងារសាមញ្ញកម្មនិងទំនើបកម្មនីតិវិធីគយ សំដៅពង្រឹងការអនុវត្តតួនាទីគន្លឹះរបស់រដ្ឋបាលគយរួមមាន៖ ការប្រមូលចំណូល, កិច្ចសម្រួលពាណិជ្ជកម្ម, និងការពារសន្តិសុខសុវត្ថិភាពសង្គម។

លោក ចាន់ សុភាព បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបាននិងកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីចំនួន១១ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA), អាស៊ាន-ចិន, អាស៊ាន-កូរ៉េ, អាស៊ាន-ឥណ្ឌា, អាស៊ាន-ជប៉ុន, អាស៊ាន-អូស្ត្រាលី/នូវែលសេឡង់, អាស៊ាន-ហុងកុង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP), កម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង, និងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។

ទន្ទឹមគ្នានេះ លោកអគ្គនាយករង ក៏បានលើកឡើងពីសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី និងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។

ទោះជាយ៉ាងនេះក៏ដោយ លោកអគ្គនាយករង ក៏បានបញ្ជាក់ដែរថា ចំណូលពន្ធគយបានបាត់បង់ជាប្រចាំឆ្នាំដោយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានកើនឡើងជាលំដាប់ផងដែរ។ ជាក់ស្តែងនៅឆ្នាំ២០២៣ ចំណូលពន្ធគយបានបាត់បង់ប្រមាណ ៣៨៤,៥៩លានដុល្លារអាម៉េរិក និងក្នុងឆ្នាំ២០២៤ ការបាត់បង់ចំណូលពន្ធគយបានកើនដល់ ៤១៥,៨២លានដុល្លារអាម៉េរិក។

«កំណើននេះបញ្ជាក់ឱ្យឃើញថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅកម្ពុជា កាន់តែមានភាពទូលំទូលាយ ដោយសារការយល់ដឹងពីផលចំណេញពីការនាំចូលក្រោមរបបអនុគ្រោះជាច្រើន»។ នេះបើតាមលោក ចាន់ សុភាព បញ្ជាក់បន្ថែម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…