រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រឡងបាក់ឌុប!មណ្ឌលប្រឡងទាំង៥ក្នុងខេត្តព្រះសីហនុគ្មានបាតុភាពអ្វីកើតឡើងឡើយ!

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចាប់ផ្តើមប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែសីហានេះ ខណៈនៅតាមមណ្ឌលប្រឡងទាំង៥ នៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់នៃខេត្តព្រះសីហនុ មានសភាពស្ងៀមស្ងាត់ល្អគ្មានបាតុភាពអ្វីកើតឡើងឡើយ ក្នុងនោះមានកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថចូលរួមការពារសន្តិសុខ និងសុវត្ថិភាព។

ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ បានអញ្ជើញបើកកញ្ចប់វិញ្ញាសារដើម្បីដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨ ដល់២៩ ខែសីហា ឆ្នាំនៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងថា ថ្ងៃនេះប្អូនៗត្រូវបញ្ចេញឱ្យអស់លទ្ធភាពនូវចំណេះដឹងរបស់ប្អូនៗដែលបានខិតខំសិក្សារៀនសូត្ររយៈពេល១២ឆ្នាំកន្លងមក។ លើសពីនេះ ឯកឧត្តម បានជូនពរបេក្ខជនប្រឡងបាក់ឌុបឱ្យបានជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេស A គ្រប់គ្នា។ ប្រសិនបើបេក្ខជនទទួលបាននិទ្ទេស A នឹងទទួលបានរង្វាន់លើកទឹកចិត្តពីរដ្ឋបាលខេត្ត ក៏ដូចជាឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត កត់សម្គាល់ឃើញថា វិញ្ញាសារមានការចាក់សោបិទជិតល្អ មិនមានការរហែកនោះទេ ក្នុងនោះក៏មានការចូលរួមពិនិត្យលើស្រោមសំណេរពីគណ:មេប្រយោគ និងបេក្ខជនប្រឡងបានចុះហត្ថលេខាលើសំណេរប្រឡងផងដែរ ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ នៅមណ្ឌលប្រឡងខេត្តព្រះសីហនុ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុបចំនួន ២,២៥៧នាក់ (ស្រី១,១៦៤នាក់) ចែកជា ៥មណ្ឌល ត្រូវនឹង ៩៣បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ៤៧៤នាក់ (ស្រី២៧៣នាក់) ចែកជា ២មណ្ឌល ស្មើនឹង២០បន្ទប់ និងវិទ្យាសាស្ត្រសង្គមមានបេក្ខជន ១,៧៨៣នាក់ (ស្រី៨៩១នាក់) ចែកជា ៣មណ្ឌល ស្មើនឹង ៧៣បន្ទប់។ ចំណែក គណមេប្រយោគទូទាំងខេត្តមានចំនួន ៤នាក់ (ស្រី ២នាក់) អង្គភាពប្រឆាំងអំពើពុករលួយចំនួន ៨នាក់, អប្បមាទូទាំងខេត្តចំនួន ១១នាក់ (ស្រី ៣នាក់) និងជំនួយការអប្បមាទ ៥១នាក់ (ស្រី ៤០នាក់)។ នេះបើតាមការឱ្យដឹងពីលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…