រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាស្នើអាមេរិកផ្តល់ជំនួយបច្ចេកទេសនិងការអភិវឌ្ឍសមត្ថភាពស្ថាប័នរយៈពេលវែង

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ស្របពេលដែលកម្ពុជាកំពុងត្រៀមលក្ខណៈដើម្បីចាក់ចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ កម្ពុជាស្នើឱ្យសហរដ្ឋអាមេរិកផ្តល់ជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ក្នុងដំណាក់កាលអន្តរកាលនេះសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សំណើបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តម Richard

ស្របពេលដែលកម្ពុជាកំពុងត្រៀមលក្ខណៈដើម្បីចាក់ចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ កម្ពុជាស្នើឱ្យសហរដ្ឋអាមេរិកផ្តល់ជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ក្នុងដំណាក់កាលអន្តរកាលនេះសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សំណើបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តម Richard McCormick សមាជិកសភាប្រចាំរដ្ឋ Georgia និងឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia នៅថ្ងៃទី២៨ សីហា នាទីស្តីការក្រសួងសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ពីការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបាននិងកំពុងរីកលូតលាស់ក្នុងរយៈកាលជាង ៣ទសវត្សរ៍ចុងក្រោយនេះ បើទោះជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងហានិភ័យនានាក្នុងតំបន់ និងសកល។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។

ការផ្សារភ្ជាប់ទៅនឹងអនុស្សាវរីយ៍នៃចំណងមិត្តភាពការទូតក្នុងរយៈពេល ៧៥ឆ្នាំនៃប្រទេសទាំងពីរ, ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីសារសំខាន់នៃការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងនាមជាដៃគូពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ រួមមានវិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យសុខាភិបាល វិស័យហិរញ្ញវត្ថុ និងវិស័យបដិសណ្ឋារកិច្ចជាដើម។

ជាការឆ្លើយតប លោកជំទាវប្រធានគណៈប្រតិភូ មិនទាន់បានឯកភាពលើសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជាដែលបានស្នើសុំខាងលើនោះឡើយទេ។ ប៉ុន្តែលោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំហររបស់រាជរដ្ឋាភិបាលដែលតែងតែប្រកាន់ខ្ជាប់នូវការខិតខំរក្សាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសជាតិឱ្យមានការរីកចម្រើន។ នេះបើតាមក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកជំទាវបានបង្ហាញថា សហរដ្ឋអាមេរិក និងកម្ពុជា នឹងបន្តរឹតបន្តឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគ ការធ្វើបរិវត្តកម្មឌីជីថល ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការលើកកម្ពស់បរិយាកាសធុរកិច្ច ព្រមទាំងការចូលរួមសហការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ និងបញ្ញាអន្តោរប្រវេសន៍ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ភាពធន់ បរិយាប័ន្ន និងសមធម៌៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…