«ចិននឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបន្តធ្វើកិច្ចការដើម្បីជួយដោះស្រាយបញ្ហានេះ»។ ឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន អះអាងបែបនេះក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង ប្រទេសចិន។
ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃនេះដែរ សម្ដេចធិបតី បានស្នើមិត្តចិនជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ព្រមទាំងជំរុញឱ្យភាគីទាំងពីរ ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ សម្ដេចធិបតី បានលើកឡើងថា ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។
សូមជម្រាបថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានកើនកម្តៅដាក់គ្នាចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ក្រោយពីមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងថៃ នៅចំណុចព្រំដែនមុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលមកពីការឆ្មក់ចូលមកវាយប្រហារពីកងទ័ពថៃមុនមកលើកងទ័ពកម្ពុជា។ ព្រឹត្តិការណ៍នេះធ្វើឱ្យទាហានខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត។ ក្នុងនោះដែរ កងទ័ពកម្ពុជាក៏បានចល័តទ័ពទៅត្រៀមនៅខ្សែមុខនៅព្រំដែន ដើម្បីការពារដែនធិបតេយ្យរបស់ខ្លួនដោយស្របច្បាប់។
ក្រោយពីមានហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងថៃ ក៏មានជំនួបទ្វេភាគីរវាងមេបញ្ជាការទ័ពជើងគោកកម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងមេបញ្ជាការជើងគោកថៃកាលពីថ្ងៃទី២៩ ខែឧសភា ដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែទោះជាមានជំនួបទ្វេភាគីដើម្បីផ្សះផ្សារគ្នាយ៉ាងដូច្នេះក៏ដោយ ក៏ភាគីថៃនៅតែបន្តធ្វើសកម្មភាពបំពាន់ដែនអធិបតេយ្យរបស់កម្ពុជាដដែល។ ជាក់ស្តែង នៅថ្ងៃទី២៤ ខែកក្កដា កងទ័ពថៃ បានបើកការឈ្លានពាន់ដោយបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពាននេះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

