«ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជាបន្ទាប់កាលពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេផងដែរ។ ប្រទេសចិនគឺជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជាទាំងកាលពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»។ នេះបើតាមឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បញ្ជាក់លើទំព័រហ្វេសប៊ុកនៅថ្ងៃទី០២ ខែកញ្ញា។
ឯកឧត្តម វ៉ាង វិនពីន បញ្ជាក់ដូច្នេះ ស្របពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក នាពេលថ្មីៗកន្លងទៅនេះ ដែលដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនោះទទួលបានបានជោគជ័យយ៉ាងធំធេងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។ ក្នុងនោះ មហាមិត្តចិន បានប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌទ្វេភាគីសំខាន់ៗរួមមាន កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងគាំទ្របទឈប់បាញ់ ការគាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ឱ្យបានឆាប់។ មិនតែប៉ុណ្ណោះ មហាមិត្តចិន ក៏បានគាំទ្រនិងផ្តល់ជំនួយមនុស្សធម៌ចំនួន២០លានយ័នដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



