(ភ្នំពេញ)៖ កម្ពុជានិងចិន ព្រមទាំងបណ្តាប្រទេសមួយចំនួនទៀត បានចូលរួមជំរុញកិច្ចសហប្រតិបត្តិការផលិតខ្សែភាពយន្ត នៅក្នុងតំបន់អាស៊ី ព្រមទាំងតំបន់អាស៊ីអាគ្នេយ៍។ ការចូលរួមជាមួយគ្នាធ្វើឡើងតាមរយៈកម្មវិធី វេទិកាឧស្សាហកម្មភាពយន្ត ដែលត្រូវបានចាត់ទុកថា ជាកម្មវិធីដ៏សំខាន់ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងឧស្សាហកម្មភាពយន្ត រៀបចំឡើងនៅរោងភាពយន្តហ្វេប៊ល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។
វេទិកានេះ មានការចូលរួមពីសំណាក់ វាគ្មិនកិត្តិយស មកពីបណ្ដាប្រទេសនានា នៅក្នុងតំបន់អាស៊ី និងមានបទពិសោធច្រើនឆ្នាំ នៅក្នុងឧស្សាហកម្មភាពយន្ត។
លោក ជៀប សុវិជ្ជា អនុប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា វេទិកានេះ បានផ្តល់ជា ចំណេះដឹងបន្ថែម ព្រមទាំង បទពិសោធថ្មីៗ ជូនដល់អ្នកចូលរួមទាំងអស់។ លោកថា ខ្លឹមសារសំខាន់ និយាយអំពីឧស្សាហកម្មភាពយន្ត តំបន់អាស៊ី និងអាស៊ីអាគ្នេយ៍ ដោយមានអ្នកជំនាញនៅអាស៊ី អ្នកជំនាញមកមហាស្រពភាពយន្តអន្តរជាតិ ជាពិសេស ផលិតករចិន និងតំណាងស្ថាប័នរដ្ឋ របស់ចិន ដែលធ្វើការលើភាពយន្ត។
លោកបានបន្តថា វេទិការនេះផ្តល់អត្ថប្រយោជន៍សំខាន់ ដល់ការផលិតភាពយន្ត សម្រាប់ទស្សនិជនជំនាន់ថ្មី ជាពិសេស អាចនឹងមានការថតខ្សែវីដេអូ បង្ហាញពីវប្បធម៌កម្ពុជា គឺជារឿងសំខាន់។ ពាក់ព័ន្ធនឹងការផលិតភាពយន្ត ក្នុងតំបន់ ជាពិសេសសហការជាមួយភាគីចិន គឺពិតជាបានរួមចំណែក សហការផ្តល់ជាបទពិសោធ ជាមួយក្រុមបច្ចេកទេស អ្នកសម្តែង អ្នកនិពន្ធ ជំរុញការផលិត ឲ្យពិភពលោកបានស្គាល់ កាន់តែច្បាស់អំពីសក្តានុពលភាពយន្តនៅក្នុងតំបន់ទាំងពីរ។
«ទីផ្សារភាពយន្តរបស់ចិន គឺធំហើយព្រោះថាមានទស្សនិកជនមើលច្រើន ទាក់ទាញអារម្មណ៍នៅប្រទេសតូចៗ នៅតំបន់អាស៊ី ផ្សេងៗទៀត ហើយយើងអាចចាប់ដៃគូសហការផលិតចិន ខណៈដែលខ្សែភាពយន្តដែលកើតចេញពីរ មានន័យថា ខ្សែភាពយន្តសញ្ជាតិពីរ ដូចជា ការកើតឡើង ពីខ្មែរនិងចិន កុនអាចបញ្ចាំងទាំងប្រទេសទាំងពីរ អាចចូលទីផ្សារស្រុកចិន ហើយ ចិនមានដៃគូជុំវិញពិភពលោក អាចបន្តចែកចាយ ដើរពាសពេញ ពិភពលោក»។
លោកបានបន្តថា បច្ចុប្បន្នកម្ពុជានិងចិន បានចាប់ផ្តើមសហការផលិតខ្សែភាពយន្តរួមគ្នា ដើម្បីឈានចូលទីផ្សារចិន ហើយ គ្រោងនឹងមានការចុះ MOU ជាមួយភាគីចិន ជំរុញផលិតករចិនមកធ្វើការផលិតនៅស្រុកខ្មែរកាន់តែច្រើនបន្ថែមទៀត។
«កាលណា យើងសហការផលិត ជាមួយភាពយន្តចិន ខ្សែភាពយន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ហើយ បើនិយាពីការសហការផលិត ចិនចំណាយ លើកម្លាំងពលកម្ម ទាំងតួសម្តែង អ្នកផលិត អ្នកបច្ចេកទេស ដែលនេះគឺជាការជួយសេដ្ឋកិច្ច ហើយ នៅពេលបញ្ចាំងកុន នៅចិន និងជុំវិញពិភពលោក បានជួយផ្សព្វផ្សាយ តំបន់ទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរណ៍ចិន និងអន្តរជាតិ មកស្រុកខ្មែរ កាន់តែច្រើន»
គួរបញ្ជាក់ថា វេទិកានេះ គឺជាផ្នែកមួយនៃដំណើរការ រៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៣ ដែលបាននិងកំពុងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាង នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណៈកម្មការរៀបចំមហោស្រពភាពយន្ត កម្ពុជា-អាស៊ី (CAFF)៕
ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា
សម្រួល៖ ចិន្តា ទីទិ









