ដោយសារសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិ ព្រមទាំងមានការពុលចំណីអាហារ ពុលស្រា កើតមានឡើងគួរឱ្យកត់សម្គាល់នាអំឡុងពិធីបុណ្យផ្សេងៗ។ ដូច្នេះ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរដោយប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា៖ បើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។
ចំណែក ក្រសួងសុខាភិបាល បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋការពារសុខភាពពីការឆ្លងជំងឺផ្សេងៗ រួមទាំងបង្ការសុខភាពពីការពុលចំណីអាហារ និងពុលស្រា នាអំឡុងពិធីបុណ្យនេះផងដែរ ដែលតម្រូវឱ្យបន្តការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមគ្នានេះ ក្រសួងបានជូនពរបុគ្គលគ្រប់រូបជួបនូវសុខភាពល្អ សុវត្ថិភាព និងចៀសផុតនូវជំងឺឆ្លងផ្សេងៗ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត





