រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ណែនាំរដ្ឋបាលភ្នំពេញ រៀបចំរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដើម្បីដឹកបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្តេចធិបតី៖

ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះ៖

១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។

២. រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ។ ព័ត៌មានលម្អិត សាលារាជធានីភ្នំពេញនិងផ្ដល់ជូនសាធារណៈជនក្នុងពេលឆាប់ៗខាងមុខ។

ខ្ញុំសង្ឃឹមថា ការរៀបចំនេះនឹងអាចជួយសម្រួលនិងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ»៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…