រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗប្រកៀកស្មាគ្នាជំរុញកំណើនទេសចរចិននិងការតភ្ជាប់ផ្លូវអាកាសបន្ថែម

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗជាច្រើន បានឯកភាពប្រកៀកស្មាគ្នាក្នុងការជំរុញកំណើនទេសចរចិន និងសម្របសម្រួលការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជាដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ការឯកភាពគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំយន្តការត្រីភាគី លើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប

ក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗជាច្រើន បានឯកភាពប្រកៀកស្មាគ្នាក្នុងការជំរុញកំណើនទេសចរចិន និងសម្របសម្រួលការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជាដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។

ការឯកភាពគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំយន្តការត្រីភាគី លើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗជាច្រើន ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, និងចូលរួមដោយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Li Chuan អនុប្រធានមន្ទីរវប្បធម៌ ទេសចរណ៍ខេត្តជាំងស៊ូ, លោក Gou Kaibo អនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន, លោកស្រី Zheng Lijuan នាយកប្រតិបត្តិ China Tourism Group Travel Services Corporation Limited (CTG Travel), លោកស្រី Zhang Ying អនុប្រធានស្ថានីយ៍ទូរទស្សន៍ វិទ្យុ ខេត្តយូណាន និងលោក Zhang Wu'an អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Spring Airline។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ស៊ីជម្រៅលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការប្រជុំអនឡាញ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ និងខេត្តយូណាន ក៏ដូចជាវិស័យឯកជនចិន ជួយជំរុញក្រុមហ៊ុនអាកាសចរណ៍ក្នុងខេត្តរបស់ខ្លួន ក៏ដូចជាខេត្តផ្សេងៗទៀតក្នុងប្រទេសចិន ធ្វើការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ របស់ប្រទេសកម្ពុជាដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម ហួត ហាក់ បានស្វាគមន៍វិស័យឯកជនចិនដែលមានវត្តមាន និងស្នើជួយកៀរគរដៃគូរ ឬបុត្រសម្ព័ន្ធរបស់ខ្លួនមកវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍ និងវិស័យសក្តានុពលដ៏ទៃទៀត ដោយនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការលើកទឹកចិត្ត និងអាទិភាពបង្កបរិយាកាសអំណោយផលជាច្រើនដល់វិនិយោគិនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើរៀបចំផែនការសកម្មភាព និងអនុវត្តជាក់ស្តែងជំរុញកិច្ចប្រតិបត្តិការជាក់ស្តែង និងសកម្មលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ក៏ដូចជាការៀបចំ Famtrip និងការថតភាពយន្តទេសចរណ៍ (Film Tourism) រវាងកម្ពុជា-ចិនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

តាមរយៈអង្គប្រជុំនេះ ភាគីទាំងអស់ បានឯកភាពអនុវត្តឱ្យបានជាក់ស្តែង និងសកម្មលើចំណុចដែលបានពិភាក្សាក្នុងកិច្ចប្រជុំដែលផ្តោតលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងមានលក្ខណៈទាក់ទាញ ការសម្របសម្រួលការធ្វើដំណើរទៅមករវាងប្រជាជនទាំងពីរឱ្យបានងាយស្រួល និងការតភ្ជាប់ផ្លូវអាកាសឱ្យកាន់តែច្រើនគោលដៅ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា-ចិនឱ្យកាន់តែទូលំទូលាយ និងទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងអន្តរជាតិមកទេសចរប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត។

ទីស្តីការក្រសួងទេសចរណ៍

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…