ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ បន្តសហការគ្នា ធ្វើការវាយតម្លៃការខូចខាតឲ្យបានច្បាស់លាស់ និងរៀបចំផែនការជាក់លាក់ ដើម្បីជាវិធានការជួយប្រជាពលរដ្ឋ ក៏ដូចជាការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងស្រោចស្រពឱ្យបានទាន់ពេល។ ព្រមទាំងបន្តពង្រឹងការប្រុងប្រយ័ត្ន និងត្រៀមឆ្លើយតបជាប្រចាំ ពិសេសតំបន់ងាយរងជន់លិច។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ដូចនេះក្នុងឱកាស លោកដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ពីស្ថានភាព និងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងភូមិសាស្ត្រ ស្រុកលំផាត់ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។ ចំពោះការជន់លិចនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទន្លេស្រែពកហក់ឡើងលិចទីវត្តអារាម ភូមិដ្ឋាន ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
ផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងនេះដែរ សរុបមានភូមិរងគ្រោះ៖ ១៦ ភូមិ ក្នុងឃុំសេដា កាឡែង និងជ័យឧត្តម។
1. ឃុំសេដា៖ ភូមិរងផលប៉ះពាល់ ៧ភូមិ ផ្ទះ ១៦៣ខ្នង / ២៤៣គ្រួសារ ប្រជាពលរដ្ឋ ១,៨៧៥ នាក់ (ស្រី ៩១០)ដីស្រែ ៨៨៤ហិកតា ដីចំការ និងដំណាំផ្សំ ១,៦៩០ហិកតា សត្វចិញ្ចឹម ១៥០ក្បាល ផ្លូវ ៣៤គីឡូម៉ែត្រ ជម្លៀស ១៤០គ្រួសារ ។
ឃុំកាឡែង ៖ ភូមិរងផលប៉ះពាល់ ៣ ភូមិ ផ្ទះ ៦០គ្រួសារ ប្រជាពលរដ្ឋ ១៤៩នាក់ (ស្រី ៦៦)ដីស្រែ ១៨ ហិកតា ដីចំការ និងដំណាំផ្សំ ១៨០ ហិកតា។
2. ឃុំជ័យឧត្តម ៖ ភូមិរងទឹកជំនន់ ៦ ភូមិ គ្រួសារសរុប ១,៥៣២ (៦,២២៥ នាក់ ស្រី ៣,០៧៨) ផ្ទះទឹកលិច ១,០០៨ គ្រួសារ (៣,០២៤ នាក់ ស្រី ១,៦០៧) ផ្ទះខូចខាត ៥៤ ខ្នង (២១២ នាក់រងផលប៉ះពាល់)ដីស្រែ ៧៥៥ ហិកតា ដីចំការ និងដំណាំផ្សំ ៣១៥ ហិកតា
ផ្លូវខូច ៤,៩៣៥ ម៉ែត្រ + លូ ៧ កន្លែង វត្តអារាមរងផលប៉ះពាល់ ១ កន្លែង
ជម្លៀស ៧១ គ្រួសារ (២៣៤ នាក់ ស្រី ១២៤ កុមារ ៤៥)។
ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀនរងផលប៉ះពាល់ ៤ សាលា៖ បឋមសិក្សាកែងសាន់, បឋមសិក្សាបានម៉ៃ, បឋមសិក្សាស្រែឈូក និងបឋមសិក្សាអូរកាន អណ្តូងទឹក ៤ អណ្តូង និង បន្ទប់ទឹក១០កន្លែង៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម









