រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពស់ទឹកស្ទឹងសៀមរាបហក់ឡើងខ្លាំងអាជ្ញាធរព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្នគ្រោះទឹកជំនន់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ស្ថានភាពកម្ពស់ទឹកស្ទឹងសៀមរាប នៅភូមិសាស្រ្តស្រុកបន្ទាយស្រី ឡើងខ្ពស់ដល់ ៥,២០ម៉ែត្រ ខណៈចំណុចដែលត្រូវប្រកាសអាសន្នគឺកម្ពស់៦,០០ម៉ែត្រ។ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យពលរដ្ឋនៅតាមបណ្តោយដងស្ទឹងសៀមរាបត្រៀមលក្ខណៈបង្កា និងប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់។ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ខេត្តសៀមរាប នៅតែបន្តមានភ្លៀងធ្លាក់គ្របដណ្តប់ទូទាំងខេត្តដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុងប៉ូឡូយលើកទី២០។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត នៅថ្ងៃទី២៩ ខែកញ្ញា។

យ៉ាងណា ដោយសារខេត្តនៅបន្តមានភ្ញៀងធ្លាក់ជាបន្តបន្ទាប់បែបនេះ បានធ្វើឱ្យផ្លូវជាតិលេខ៦៤ ចន្លោះគីឡូម៉ែត្រលេខ២៩ ដល់គីឡូវម៉ែត្រលេខ៣០ (ចំណុចស្ពានត្នោតតាដេវ) ស្ថិតក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប រងការខូចខាត។ ដូច្នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅថ្ងៃទី២៩ ខែកញ្ញានេះ បានប្រកាសផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវនេះជាបណ្តោះអាសន្នចំពោះរថយន្តធុនធំគ្រប់ប្រភេទ ដើម្បីក្រុមការងារបច្ចេកទេសពិនិត្យជួសជុលឡើងវិញ។

ចំណែក ចៅសង្កាត់សៀមរាប លោក ម៉ៃ សាមេត កាលពីថ្ងៃទី២៨ ខែកញ្ញា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពជាប្រចាំ ជាពិសេសក្នុងអំឡុងពេលកើតមានជំនន់ទឹកភ្លៀងនេះ នឹងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្សចាស់ ពិសេសកុមារតូចៗ កុំឱ្យចុះលេងទឹកដោយមិនមានមនុស្សធំនៅចាំមើលឱ្យសោះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…