រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុនធំៗ២ចុះកិច្ចសន្យាប្រមូលទិញពោតក្រហម និងស្រូវស្រងែថ្មីពីសហគមន៍

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) និងក្រុមហ៊ុន អ៊ិលប៊ីអិន អង្ករ (កម្ពុជា) បានចុះកិច្ចសន្យាប្រមូលទិញពោតក្រហម និងស្រូវស្រងែថ្មី ពីសហគមន៍កសិកម្មជីរោទិ៍រុងរឿង។ កិច្ចសន្យានេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ក្រោមវត្តមានឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) ទទួលទិញពោតក្រហមស្ងួតពីសហគមន៍កសិកម្មជីរោទិ៍រុងរឿងចំនួន ១,០៥០តោន។ ចំណែកក្រុមហ៊ុន អិលប៊ីអិនអង្ករ កម្ពុជា បានចុះកិច្ចសន្យាទិញលក់ស្រូវចំណីប្រភេទពូជស្រូវសែនក្រអូប០១ និងស្រូវស្រងែថ្មីជាមួយសហគមន៍កសិកម្មជីរោទិ៍រុងរឿងផងដែរ។ មន្រ្តីជាន់ខ្ពស់រូបនេះ ថា ការចុះកិច្ចសន្យានេះនឹងធ្វើឱ្យប្រជាកសិករកាន់តែមានឱកាសក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុននាំចេញទៅទីផ្សារអន្តរជាតិ។

ដោយឡែក បើយោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរយៈពេល៧ខែឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកសិកម្ម បានស្ទង់ទិន្នន័យបរិមាណផលពោតក្រហមដែលគ្រោងនឹងប្រមូលផលចាប់ពីខែសីហាដល់ខែធ្នូ មានប្រមាណ ៦១ម៉ឺនតោន។ ក្នុងនោះការប្រមូលផលច្រើនជាងគេក្នុងខែសីហា មានប្រមាណ ៦៦,៤៦% ហើយតាមការប៉ាន់ស្មានការប្រមូលផលពោតក្រហមក្នុងខែកក្កដាមានប្រមាណ១៣ម៉ឺនតោន។ ចំណែកក្រសួងពាណិជ្ជកម្ម កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនផលិតចំណីសត្វចំនួន៣ ក្នុងកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមក្នុងស្រុកផ្សេងទៀតសម្រាប់ផលិតចំណីសត្វ។ ក្រុមហ៊ុនផលិតចំណីសត្វទាំង៣នោះ នឹងប្រមូលទិញពោតក្រហម៥ម៉ឺន៤ពាន់តោនក្នុងមួយឆ្នាំ, ដំឡូងមី ១ម៉ឺន៣ពាន់តោនក្នុងមួយឆ្នាំ, កញ្ជុងអង្ករ ១ម៉ឺន២ពាន់៨រយតោនក្នុងមួយឆ្នាំ និងកន្ទក់ ៣ម៉ឺនតោនក្នុងមួយឆ្នាំ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…