រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជម្លោះកម្ពុជា និងថៃប្រាសាទព្រះវិហារនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ និងគ្រាប់បែកចង្កោម

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ទោះបីសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលថា ប្រាសាទព្រះវិហារនៅក្នុងដែនអធិបតេយ្យកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ក៏ដោយ ដោយសារជម្លោះព្រំដែនកម្ពុជានិងថៃ ប្រាសាទព្រះវិហារនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាតដោយច្បាប់អន្តរជាតិ។

នេះជាការថ្លែងរបស់ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ទៅកាន់គណៈប្រតិភូមកពីជាង ១៥០ប្រទេស ក្នុងសន្និសីទពិភពលោកយូណេស្កូ ស្តីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព-MONDIACULT 2025។ ឯកឧត្តម សួស យ៉ារ៉ា លើកឡើងថា វប្បធម៌ដើរតួនាទីយ៉ាងសំខាន់ ជាស្ពានតភ្ជាប់សហគមន៍ និងជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពប្រកបដោយចីរភាព។ វប្បធម៌មិនគួរត្រូវបានប្រើប្រាស់ជាអាវុធទេ តែវប្បធម៌ជាមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាឫសគល់នៃជម្លោះ ការបង្រួបបង្រួម និងការផ្សះផ្សា។ បេតិកភណ្ឌវប្បធម៌ ជាកម្មសិទ្ធរបស់មនុស្សជាតិទាំងអស់គ្នា ដូច្នេះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនមែនគ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើយ ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោក ព្រោះជាការបំផ្លាញប្រវត្តិសាស្រ្តមនុស្សជាតិ។

ទន្ទឹមគ្នានេះ ACC បានទទូចឱ្យមានការគាំទ្រជាអន្តរជាតិ ការពង្រឹងយន្តការតំបន់ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការយូណេស្កូ ដែលត្រូវដើរតួនាទីយ៉ាងសំខាន់និងកាន់តែសកម្ម ដើម្បីលើកកម្ពស់តម្លៃនៃច្បាប់អន្តរជាតិ និងលើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ក្នុងការទប់ស្កាត់សោកដកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌ឱ្យបានទាន់ពេលវេលា ពិសេសនៅក្នុងបរិបទភូមិសាស្រ្តនយោបាយដ៏ផុយស្រួលនាពេលបច្ចុប្បន្ននេះ ដែលកិច្ចសហប្រតិបត្តិការពិភពលោកក្នុងវិស័យវប្បធម៌ និងសន្តិភាព គឺមានភាពបន្ទាន់ជាងពេលណាទាំងអស់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…