ក្រុមយុវសិស្សកម្ពុជាដែលកំពុងរៀនថ្នាក់វិទ្យាល័យនៅក្នុងប្រទេស និងនៅសហរដ្ឋអាមេរិករៀបចំកម្មវិធីរត់ដើម្បីសប្បុរសធម៌ដោយមានក្រុមយុវសិស្សកម្ពុជាក្នុងប្រទេស និងនៅសហរដ្ឋអាមេរិករួមគ្នាដើម្បីរៃអង្គាសថវិកាជួយដល់ប្រជាជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន បានរៀបចំកម្មវិធីនាព្រឹកថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០២៥នៅបុរីប៉េងហួត ។
ព្រឹត្តិការណ៍នេះមានការចូលរួមលើកទឹកចិត្ត និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ វូ សុភៈទេវី ភរិយាឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ យ៉េត ម៉ូលីន ភរិយាឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ជាមិត្តភក្តិ និងសប្បុរសជនពីគ្រប់ទិសទីក្នុងរាជធានីភ្នំពេញចំនួនជាងប្រាំមួយរយនាក់ដែលជាចំនួនលើសពីការរំពឹកទុក។
កម្មវិធីរត់ដើម្បីសប្បុរសធម៌នេះដោយមានការចូលរួមពី៖ យុវសិស្ស ចាន់ សមិទ្ធិ យ៉េត ប៊េនសិនសក្ត័ធិយស (ប៊ីលី) ណូ រ៉ាឈីវ ណូ ស៊ីវហេង ដោយមានជំនួយពីមិត្តភក្តិ។ ក្រុមគីឡូម៉ែត្រដើម្បីខ្មែរបានរៀបចំនូវកម្មវិធីរត់ដើម្បីសប្បុរសធម៌ក្នុងគោលបំណងបង្ហាញនូវស្មារតីសាមគ្គីភាព ដើម្បីសន្តិភាព និងមោទនភាពជាតិព្រមទាំងកៀរគរជំនួយមនុស្សធម៌ជួយដល់ជនភៀសសឹកដែលរងគ្រោះដោយសារសង្រ្គាម។
យុវសិស្សក្រុមគីឡូម៉ែត្រដើម្បីខ្មែរទាំងអស់ បានប្តេជ្ញាចិត្តរួមគ្នាធ្វើជាសកម្មភាពមួយនេះក្នុងស្មារតីរួមកម្លាំងសាមគ្គី ដើម្បីសន្តិភាព និងវិបុលភាពដើម្បីបង្ហាញពីស្មារតីស្រឡាញ់ជាតិ និងមនោសញ្ចេតនាប្រកបដោយក្តីអាណិតអាសូរចំពោះប្រជាជនភៀសសឹក និងការគាំទ្រពួកគាត់ដែលកំពុងរស់នៅក្នុងកាលៈទេសៈដ៏លំបាកប្រកបដោយភាពអត់ធន់ព្រមទាំងបង្ហាញនូវការគោរពដឹងគុណចំពោះការលះបង់យ៉ាងធំធេងរបស់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ព្រោះក្រុមគ្រួសាររបស់គាត់ក៏ស្ថិតក្នុងចំណោមគ្រួសារនៃជនភៀសសឹកផងដែរ។
កម្មវិធីរត់ដើម្បីសប្បុរសធម៌នេះក៏មានការឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា និងមធ្យោបាយផ្សេងៗផងដែរពីបុរីប៉េងហួត, BVM Petroleum Kampuchea Digital Marketing Venture, Vattanac V-active, ទុរេនបឹងកេត, Poise Mera, Mekong Land Group, Long Sreng International, ធនាគារអេស៊ីលីដា, Gather Ground Coffee, Fruit Pop, Supremo, Rukhak Coffee, Pasteur Square co.,LTD, Rosemoric, Cintri និងមន្ទីរពហុព្យាបាលសេតេ។
ជាលទ្ធផលតាមរយៈព្រឹត្តិការណ៍នេះ ក្រុមគីឡូម៉ែត្រដើម្បីខ្មែររៃអង្គាសថវិកាបានសរុបចំនួន ១៥ .០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារ)។ ក្មួយៗបានគូសបញ្ជាក់ថានឹងប្រើប្រាស់ថវិកាទាំងអស់នេះដោយតម្លាភាព និងចំគោលដៅសម្រាប់ជួយដល់ប្រជាជនភៀសសឹករបស់យើងដែលកំពុងជួបការលំបាក់នៅតាមបណ្តាបន្ទាត់ព្រំដែន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម









