រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលស្រុកតាំងគោកលើកទឹកចិត្តដល់កសិករក្នុងមូលដ្ឋានបង្កើនការផលិតកម្ម ពង្រីកការចិញ្ចឹម ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនជីវភាពគ្រួសារ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខ្សែសង្វាក់ផលិតកម្មសត្វ ( ភ្ញាស់ពងទា)មួយកន្លែង របស់កសិករនៅស្រុកតាំងគោក ឃុំទ្រៀល ខេត្តកំពង់ធំ ដែលបច្ចុប្បន្នបានផលិត និងចែកចាយក្នុងមួយថ្ងៃៗប្រមាណពី ២៥០.០០០ (ម្ភៃប្រាំម៉ឺន)ទៅ ៣០០.០០០(សាមសិបម៉ឺន)ពង ក្នុងនោះពងភ្ញាស់រង្វង់៧០% និងពងសាប ៣០% នាំទៅកាន់ទីផ្សារក្នុងខេត្ត ក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។

នេះបើតាមការឲ្យដឹងពី លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមនឹងសហការី បានចុះពិនិត្យមើលសង្វាក់ផលិតកម្មសត្វ ( ភ្ញាស់ពងទា) នៅឃុំទ្រៀលដោយផ្ទាល់។

លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តការយកចិត្តទុកដាក់ និងសូមឲ្យមានបរិស្ថានអនាម័យត្រឹមត្រូវក្នុងមូលដ្ឋានផលិតកម្មកុំអោយមានក្លិន រួមទាំងខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹមបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។

លោកអភិបាលស្រុកតាំងគោកក៏បានណែនាំដល់អាជ្ញាធរឃុំ បន្តយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងតាមដានការចិញ្ចឹម របស់ប្រជាកសិករដើម្បីបានដំណើរការទៅដោយរលូន ហើយប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវផ្ដល់នូវដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលាផងដែរ។

ដោយឡែក បើយោងតាមមន្ត្រីជំនាញបានឲ្យដឹងថា ក្នុងស្រុកតាំងគោកមានកន្លែងផលិតភ្ញាក់ពងទាជាង៣០កន្លែង ក្នុងនោះឃុំទ្រៀលមានច្រើនជាងគេ ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…