រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ នៅរាជធានីភ្នំពេញ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ កម្ពុជាចាប់ផ្តើមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីឆ្លើយតប អាស៊ានតែមួយ ការឆ្លើយតបតែមួយ ចំពោះបញ្ហាគ្រោះមហន្តរាយដែលគំរាមកំហែង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ។ 

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

ពិធីបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ មានការអញ្ជើញចូលរួមពីប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌(AHA Center) មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នពាក់ព័ន្ធតាមវិស័យអាស៊ាន និងដៃគូអភិវឌ្ឍន៍។

នាឱកាសនោះ ឯកឧត្តម គីម វីរៈ បានថ្លែងថា ខណៈពេលដែលតំបន់អាស៊ាននៅតែបន្តប្រឈមមុខនឹងហានិភ័យកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ដែលទាក់ទងនឹងអាកាសធាតុ ព្រមទាំងការរំខានផ្នែកបច្ចេកវិទ្យា និងផ្នែកសុខភាពសាធារណៈ ដូចនេះ ភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយទាមទារឱ្យមានការខិតខំប្រឹងប្រែងរក្សាស្ថិរភាព និងឯកភាព ក្រោមគោលការណ៍ «អាស៊ានតែមួយ ការឆ្លើយតបតែមួយ»។

ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងសាមគ្គីភាព ការសម្របសម្រួល និងការទទួលខុសត្រូវរួមនៅទូទាំងរដ្ឋសមាជិកអាស៊ានទាំងអស់ ជាពិសេសសង្គ្រោះជីវិត និងការពារមនុស្សដោយមិនគិតពីមូលហេតុនៃគ្រោះមហន្តរាយ។

ជាចុងក្រោយ ឯកឧត្តម សង្ឃឹមថា ក្រោយកិច្ចប្រជុំសមាជិកអាស៊ាន និងដៃគូទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីធានាថាសហគមន៍អាស៊ាន ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត មានសុវត្ថិភាពជាងមុន មានភាពធន់ជាងមុន និងរៀបចំបានប្រសើរជាងមុនសម្រាប់បញ្ហាប្រឈមគ្រោះមហន្តរាយនានា នាពេលខាងមុខ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…