កប៉ាល់ដឹកទំនិញចំនួន ៥០០TEUs លើកដំបូងចេញពីកំពង់ផែជាំងអ៊ីន ខេត្តជាំងស៊ូ ប្រទេសចិន បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ។ ការមកដល់នៃទំនិញចំនួន ៥០០ទូរកុងទ័រនឺនេះ ដោយសារមានកិច្ចសហប្រតិបត្តិការរវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែជាំងអ៊ីន នៃខេត្តជាំងស៊ូ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក ទូ សៀវកាង (Du Xiaogang) ប្រធានលេខាបក្សទីក្រុងអ៊ូស៊ី ប្រទេសចិន ព្រមទាំងលោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្ម តំណាងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញអបអរសាទរការទទួលបានទំនិញឆ្លងកាត់ចំនួន ៥០០TEUs នេះផងដែរ។
ក្នុងនោះ លោក ថៃ ឬទ្ធី បានបង្ហាញក្តីសង្ឃឹមថា កំពង់ផែជាំងអ៊ីន ទីក្រុងអ៊ូស៊ី នឹងមានចំនួនជើងនាវាដឹកជញ្ជូន និងបរិមាណទំនិញបន្ថែមទៀតមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលកាន់តែបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅ-មករវាងទីក្រុងអ៊ូស៊ី និងកម្ពុជា។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការតភ្ជាប់រវាងកំពង់ផែប្រទេសចិន និងកម្ពុជា ពិសេសការដឹកជញ្ជូនដោយត្រង់ ដែលនឹងផ្តល់នូវផលចំណេញប្រកបដោយប្រសិទ្ធភាពសម្រាប់តំបន់មេគង្គ និងការពន្លឿនកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងសម្រាប់កម្ពុជា និងក្នុងតំបន់៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត







