ភ្នំពេញ៖ តម្លៃមាសនៅកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានឡើងដល់ ៥៣៥ដុល្លារក្នុងមួយជី ដែលជាការកើនឡើងយ៉ាងចំរូងចំរាស បើប្រៀបធៀបនឹងថ្ងៃទី១៦ តុលា ម្សិលមិញ ដែលមានតម្លៃត្រឹមតែ ៥១៦ដុល្លារក្នុងមួយជី ប៉ុណ្ណោះ។ នេះមានន័យថា តម្លៃមាសបានកើនឡើងរហូតដល់ ១៩ដុល្លារក្នុងរយៈពេលត្រឹមតែ១ថ្ងៃ ប៉ុណ្ណោះ។
ក្នុងរយៈពេលប្រមាណពីដើមខែតុលា មកដល់ថ្ងៃទី១៧ តម្លៃមាសសរុបបានកើនឡើងដល់ ៦៨ដុល្លារក្នុងមួយជី ដែលបង្ហាញថា ការឡើងថ្លៃនៅខែនេះមានសញ្ញាច្បាស់ថា ខ្លាំងជាងមុន។
បើប្រៀបធៀបនឹងខែសីហា តម្លៃមាសកាលនោះបានឡើងត្រឹមតែ ១៤ដុល្លារប៉ុណ្ណោះក្នុងមួយជី ខណៈក្នុងខែកក្កដា វាបានធ្លាក់ថ្លៃវិញប្រហែល ២ដុល្លារក្នុងមួយជី។ សម្រាប់ខែកញ្ញា តម្លៃមាសបានកើនឡើងត្រឹមតែ ៤៣ដុល្លារក្នុងមួយជី ប៉ុណ្ណោះ។
យ៉ាងណាមិញ ចាប់ពីដើមឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន អ្នកដែលបានទិញមាសទុក ត្រូវបានគេប៉ាន់ស្មានថា មានប្រាក់ចំណេញសរុបប្រហែល ២១៨ដុល្លារក្នុងមួយជី ដែលជាសញ្ញាបង្ហាញពីភាពជឿជាក់ និងតម្រូវការខ្ពស់លើទីផ្សារមាស។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ


