រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មេសិទ្ធិមនុស្សកម្ពុជាស្នើឱ្យ OHCHR ចុះសង្កេតការណ៍ផ្ទាល់ជុំវិញការបន្តចាក់សំឡេងខ្លាំងៗរំខានអ្នកភូមិខ្មែរដោយយោធាថៃ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កាលពីថ្ងៃល្ងាចម្សិលមិញនេះ ភាគីថៃបានបន្តចាក់សំឡេងខ្លាំងៗឡើងវិញនៅក្នុងភូមិសាស្រ្តភូមិជោគជ័យនៃខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានផ្អាកចាក់រយៈពេល៣ថ្ងៃជាប់ៗគ្នា ក្រោយរងការរិះគន់ពីសំណាក់សមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, ប្រធានគណបក្ស, អ្នកជំនាញច្បាប់ និងអ្នកជំនាញសិទ្ធិមនុស្សថៃជាដើម។ នៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៧ ខែតុលា ថៃបានចាក់សំឡេងឮខ្លាំងរហូតពី ១៤០ដេស៊ីបែល អាចធ្វើឱ្យខូចក្រដាសត្រចៀក ហើយកម្រិតសំឡេងឡើងដល់២០០ដេស៊ីបែល នឹងបណ្តាលឱ្យមានរបួសខាងក្នុងធ្ងន់ធ្ងរ។ រាល់ការប្រព្រឹត្តសកម្មភាពបែបនេះ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានចាត់ទុកជាការរំលោភយ៉ាងធ្ងន់ធ្ងរដោយចេតនាលើសុខភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ប្រធាន CHRC រូបនេះ បានដាក់សំណើទៅកាន់ឯកឧត្តម Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដោយទទូចស្ថាប័ននេះចុះបេសកកម្មសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុតជុំវិញការចាក់សំឡេងខ្លាំងៗដោយយោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជានិងថៃ ដែលជាកន្លែងត្រូវបានរាយការណ៍ថាមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ឯកឧត្តមនិយាយបន្ថែមថា ការព្រងើយកន្តើយចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ នឹងបង្កើតជាគំរូអាក្រក់ចំពោះនិទណ្ឌភាពដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងធ្វើឱ្យប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិចុះខ្សោយ។

CHRC កត់សម្គាល់ថា សូម្បីតែឥស្សរជនរបស់ថៃ រួមមានសមាជិកព្រឹទ្ធសភា មន្រ្តីអនុវត្តច្បាប់ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងមេដឹកនាំគណបក្សនយោបាយ សុទ្ធតែបានទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាន គឺជាទម្រង់នៃការបំភិតបំភ័យផ្លូវចិត្ត គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្រោមអនុសញ្ញាប្រឆាំងនឹងទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…