រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចហ៊ុន សែនប្រាប់ក្រុមការងារបក្សប្រជាជននៅក្រៅប្រទេសពីបញ្ហាព្រំដែនកម្ពុជា-ថៃដែលរដ្ឋាភិបាលកំពុងខិតខំដោះស្រាយ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

Please click the link to get more news details

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលានេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក នៅវិមាន៧មករា។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចតេជោបានចែករំលែកអំពីទិដ្ឋភាពទូទៅពីស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជាពីអតីតកាល ជាពិសេសប្រវត្តិសាស្ត្រនៃពលិកម្មរបស់សម្តេចក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការដឹកនាំរបស់សម្តេចពេលនៅជានាយករដ្ឋមន្ត្រី។

សម្តេចតេជោប្រធានគណបក្សបានបង្ហាញអំពីដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងដឹកនាំប្រទេសយ៉ាងស្វាហាប់ និងបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ បន្ថែមពីនេះ សម្តេចតេជោ ក៏បានបញ្ជាក់អំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលយើងកំពុងតែខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឱ្យបានវិលទៅរកភាពប្រក្រតីឡើងវិញ។

សម្តេចតេជោក៏បានលើកឡើងអំពីស្ថានភាពនយោបាយមួយចំនួនទៀតដល់សកម្មជនរបស់គណបក្សប្រជាជនកម្ពុជាបានឈ្វេងយល់ និងស្ថានភាពពិតរបស់កម្ពុជា ជាពិសេសសម្រាប់បងប្អូនសកម្មជននៅក្រៅប្រទេស បានដឹងនិងបានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…