នៅថ្ងៃទី២០ ខែតុលា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អនុទីន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការបង្ការ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា។ លោកថា ការបង្ក្រាបការឆបោកជាអាទិភាពជាតិ ហើយវិធានការនឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២១ ដើម្បីសម្របសម្រួលកិច្ចសហការគ្រប់ជ្រុងជ្រោយរវាងស្ថាប័ន។ លោកបានសង្កត់ធ្ងន់លើសន្តិសុខតឹងរ៉ឹង ដោយអ្នកចូលរួមទាំងអស់ត្រូវប្រគល់ទូរស័ព្ទ។
លោក អនុទីន បានឱ្យដឹងថា ស្ថាប័ននានាបានខិតខំស៊ើបអង្កេតករណីឆបោក និងរឹបអូសទ្រព្យសម្បត្តិសរុប១០ពាន់លានបាត ប៉ុន្តែការផ្សព្វផ្សាយមិនគ្រប់គ្រាន់ ធ្វើឱ្យសាធារណជនមិនសូវបានដឹង។ លោកថា រដ្ឋាភិបាលមិនបាននៅស្ងៀមទេ ហើយបានបញ្ជាឱ្យគណៈកម្មការទូរគមនាគមន៍ជាតិកាត់ផ្តាច់សញ្ញាបណ្តាញ និងការគាំទ្រថាមពលនៅតំបន់ព្រំដែន ជាពិសេសព្រំដែនថៃ–កម្ពុជា ដើម្បីទប់ស្កាត់ការប្រើប្រាស់ដោយជនល្មើស។
ចំពោះពាក្យចចាមអារ៉ាមមុននេះអំពីអ្នកនយោបាយថៃ៧នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញ លោក អនុទីន ថា លោកក៏កំពុងរង់ចាំបញ្ជីឈ្មោះ ហើយអំពាវនាវឱ្យបក្សប្រឆាំងបង្ហាញព័ត៌មានឱ្យបានឆាប់ ប្រសិនបើមាន ដើម្បីចាត់ការតាមច្បាប់។ លោកសន្យាថា បើការប្រព្រឹត្តខុសត្រូវបានបញ្ជាក់ អ្នកពាក់ព័ន្ធនឹងត្រូវចាត់ការតាមច្បាប់ដោយមិនគិតពីឈ្មោះ ឬតំណែង។
ស្ថានីយយើងស្រង់និងចងក្រងព័ត៌មាន



