រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គ្រោះថ្នាក់ចរាចរណ៍និងករណីលង់ទឹកជាមូលហេតុនាំមុខមួយធ្វើឱ្យស្លាប់កុមារនិងយុវជនជាច្រើននៅកម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គ្រប់តួអង្គក្នុងសង្គមទាំងស្ថាប័នរដ្ឋ អង្គការសមាគម វិស័យឯកជន សិល្បករសិល្បការិនី និងជនមានប្រជាប្រិយភាពគ្រប់បណ្ដាញសង្គម ត្រូវជំរុញការផ្សព្វផ្សាយអំពីវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹកឱ្យបានផុលផុស។ ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងនៅថ្ងៃទី២០ ខែតុលា ដោយជំរុញឱ្យអង្គការយូនីសេហ្វសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការការពារសុវត្ថិភាពកុមារទាំងការបញ្ចៀសឱ្យបានពីគ្រោះថ្នាក់ចរាចរណ៍ និងករណីលង់ទឹកដែលកំពុងក្លាយជាក្ដីព្រួយបារម្ភមួយទាំងសម្រាប់ឪពុកម្ដាយ អាណាព្យាបាល និងសង្គមជាតិ។ ឯកឧត្តម ស សុខា កត់សម្គាល់ឃើញថា ការផ្សព្វផ្សាយវីដេអូអប់រំនេះឡើងមានសារៈសំខាន់ដើម្បីចូលរួមទប់ស្កាត់ការស្លាប់ របួស ពិការរបស់កុមារពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខមួយ ក្នុងចំណោមមូលហេតុនាំមុខគេនៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។ ចំពោះចលនាផ្សព្វផ្សាយនេះធ្វើឱ្យបានកាន់តែសកម្ម និងទូលំទូលាយទាំងក្នុងកម្មវិធីសាសនា កម្មវិធីជួបជុំជាសាធារណៈ ការផ្សព្វផ្សាយតាម LED, ការផ្សាយពាណិជ្ជកម្មលើដងផ្លូវ, ការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍រដ្ឋគ្រប់រាជធានី-ខេត្ត រួមទាំងការផ្សព្វផ្សាយនៅតាមតំបន់គោលដៅទេសចរណ៍នានាជាដើម។

ចំណែក លោកបណ្ឌិត វីល ផាកស៍ នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា ក៏បានកត់សម្គាល់ដែរថា ជារៀងរាល់ព្រឹក កុមារនៅទូទាំងប្រទេសកម្ពុជាបានចេញដំណើរទៅសាលារៀន កុមារខ្លះដើរតាមផ្លូវមមាញឹក និងអ្នកខ្លះទៀតឆ្លងកាត់ទន្លេ ឬវាលទំនាបលិចទឹកភាគច្រើនទៅដល់សាលារៀន ប៉ុន្តែជារឿងដ៏សោកសៅ គឺមានកុមារមួយចំនួនមិនបានទៅដល់សាលាដោយសុវត្ថិភាពនោះទេ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ និងលង់ទឹក ខណៈករណីផ្សេងទៀត ក៏បណ្ដាលឱ្យកុមារជួបគ្រោះថ្នាក់ដូចគ្នានេះដែរ។ យូនីសេហ្វមានមោទនភាពដែលបានចូលរួមគាំទ្រយុទ្ធនាការជំរុញការផ្សព្វផ្សាយនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា។ គួររំលឹកថា ក្នុងឆ្នាំ២០២៤ មានពលរដ្ឋកម្ពុជាប្រមាណ ៧,៦នាក់ ក្នុងចំណោម១០ម៉ឺននាក់បានស្លាប់ដោយសារការលង់ទឹក ហើយភាគច្រើនជាកុមារអាយុក្រោម១៥ឆ្នាំ។ អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ បានរំលេចដោយយោងលើរបាយការណ៍អង្គការសុខភាពពិភពលោក។ ចំណែកគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤ បានសម្លាប់មនុស្សចំនួន ១,៥៨៨នាក់ ក្នុងនោះកុមារ និងយុវជនអាយុចន្លោះពី១៥-១៩ឆ្នាំ ស្ថិតក្នុងចំណោមតួលេខអ្នកស្លាប់ដ៏គួរឱ្យបារម្ភ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…