រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចម៉ែន សំអនប្រាប់ទង្វើដែលថៃឈ្លានពានទឹកដីកម្ពុជាទៅសមាជិកនៃសមាគមនារីកម្ពុជា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលមានលោកជំទាវ គីម សុភ័ក្ត្រ ម៉ាងស៊ីណេត បានដឹកនាំសមាជិកចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយពីភារកិច្ចចំពោះមុខរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី២២ ខែតុលានេះ តាមប្រព័ន្ធអនឡាញ (Zoom)។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងមានការចូលរួមពីគ្រប់សាខានៃក្រសួងស្ថាប័ន និងរាជធានី-ខេត្តទូទាំងប្រទេស។

ក្នុងពិធីនេះ សម្តេច ម៉ែន សំអន បានចុចឈ្មោះថៃចំៗដែលបានធ្វើសកម្មភាពឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា ស្របពេលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព និងកំពុងជំរុញកម្លាំងក្នុងកិច្ចការអភិវឌ្ឍន៍។ សម្តេចសង្កត់ធ្ងន់ថា ថៃតែងតែចិញ្ចឹមចិត្តចង់ដណ្តើមយកទឹកដីរបស់យើង និងបម្លែងវប្បធម៌ប្រពៃណីដ៏សម្បូរបែបរបស់យើង ដោយទម្លាក់គ្រាប់ និងបាញ់កាំភ្លើងធំមកលើប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការវាយប្រហារយ៉ាងកម្រោលរបស់យោធាថៃកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើឱ្យពលរដ្ឋខ្មែររាប់ពាន់គ្រួសារបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងកុមាររាប់ម៉ឺននាក់ បាត់បង់ការសិក្សា ដើម្បីជម្លៀសមកស្នាក់នៅជំរំសុវត្ថិភាពដែលរស់នៅក្រោមដំបូលប្រក់តង់ នៅហាលថ្ងៃហាលភ្លៀងជួបទុក្ខវេទនាជាទីបំផុត។

ទន្ទឹមគ្នានេះ សម្តេចឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លើកឡើងដូច្នេះថា៖ «អំរ៉ែករបស់យើងធំណាស់ ក្នុងនោះ១. យើងត្រូវគិតគូរដល់គ្រួសារពលី គ្រួសារជនភៀសសឹកដែលមានរាប់ម៉ឺនគ្រួសារមកស្នាក់នៅជំរំសុវត្ថិភាព, ២. បញ្ហាពលករចំណាកស្រុកដែលបញ្ឈប់ការងារពីប្រទេសថៃវិលត្រឡប់ចូលមកប្រទេសកំណើតវិញជាង ៩០ម៉ឺននាក់ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាលបានរៀបចំឱ្យទទួលបានការងារធ្វើ»។ សម្តេចបានបញ្ជាក់បន្ថែមថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានចូលរួមចំណែកយ៉ាងសកម្មនៅតាមបណ្តាខេត្តទាំង៣របស់កម្ពុជាដែលរងការឈ្លានពានពីសំណាក់យោធាថៃ រួមមានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារផងដែរ។ ក្នុងនោះមានទាំងសកម្មភាពចុះសួរសុខទុក្ខ ចែកអំណោយជាស្បៀង សម្ភារៈ និងថវិកា ព្រមទាំងថ្នាំដង្កូវជាដើម ជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមជំរំសុវត្ថិភាពទៀតផង។

គួររំលឹកថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាសមាគមដែលបានបន្តវេនពីសមាគមនារីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតតាំងពីថ្ងៃទី០២ ខែឆ្នូ ឆ្នាំ១៩៧៨ ដោយចាប់កំណើតឡើងក្នុងពេលប្រទេសជាតិជួបនូវគ្រោះមហន្តរាយបង្កឡើងដោយរបបប្រល័យពូជសាសន៍ ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…